ព័ត៌មានជាតិ

គម្រោងផ្លូវនាវាចរណ៍ ជាប្រវត្តិសាស្រ្តតភ្ជាប់ ទន្លេមេគង្គ និងផ្លូវសមុទ្រ ត្រូវបានប្រសិទ្ធនាមថា ព្រែកជីកហ្វូណនតេជោ

ភ្នំពេញ៖ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលជាគម្រោងប្រវត្តិសាស្រ្តទី១ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រត្រូវបានគណៈរដ្ឋមន្រ្តីសម្រេចទទួលយកហើយប្រសិទ្ធនាមថា ព្រែកជីកហ្វូណនតេជោ។ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះត្រូវបានប៉ាន់ស្មានថានឹងចំណាយទុនវិនិយោគ ១ ៧០០លានដុល្លារអាមេរិក និងរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ។

យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣បានឱ្យដឹងបន្ថែមថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ត្រូវបានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធផលរួចរាល់ដោយបានប្រើប្រាស់រយៈពេលសរុប២៦ខែ។តាមសិក្សាបង្ហាញថា ផ្លូវទឹកនេះមានប្រវែង១៨០គីឡូម៉ែត្រចាប់ពីព្រែកតាកែវនៃទន្លេមេគង្គឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់ដៃសមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤រួមមាន ខេត្តកណ្ដាល តាកែវ កំពត និងកែប៕

To Top