ព័ត៌មានជាតិ

សម្ដេចតេជោ សង្ឃឹមថា តាមរយៈស៊ីហ្គេមនៅកម្ពុជា អាស៊ាន អាចទទួលការដេញថ្លៃ ធ្វើជាម្ចាស់ផ្ទះ អូឡាំពិក ឬបាល់ទាត់ពិភពលោក

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បង្ហាញក្ដីសង្ឃឹមថា តាមរយៈនៃការប្រកួតកីឡាស៊ីហ្គេម នៅប្រទេសកម្ពុជា នាពេលកន្លងទៅ អាស៊ានអាចនឹងទទួលការដេញថ្លៃធ្វើជាម្ចាស់ផ្ទះនៃកីឡាអូឡាំពិក ឬការប្រកួតបាល់ទាត់ពិភពលោក។

ក្នុងពិធីបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ មានជំនឿថា បណ្ដាប្រទេសអាស៊ាន នឹងអាចមានក្រុមបាល់ទាត់មួយក្រុម ដែលខ្លាំងសម្រាប់ការប្រកួត នៅក្នុងពិភពលោក ក្នុងក្របខណ្ឌសហគមន៍អាស៊ាន។

សម្ដេចនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា «ខ្ញុំ សង្ឃឹមថា តាមរយៈ នៃការប្រកួតស៊ីហ្គេម នៅប្រទេសកម្ពុជា ពេលណាមួយនោះ អាស៊ានអាចនឹងទទួលការដេញថ្លៃ ធ្វើជាម្ចាស់ផ្ទះ នៃអូឡាំពិក ឬក៏ការប្រកួតបាល់ទាត់ពិភពលោក ។ ហើយខ្ញុំ មានជំនឿថា បណ្ដាប្រទេសអាស៊ានរបស់យើង នឹងអាចមានក្រុមបាល់ទាត់មួយក្រុម ដែលខ្លាំងសម្រាប់ការប្រកួតនៅក្នុងពិភពលោក ក្នុងក្របខណ្ឌសហគមន៍អាស៊ាន របស់យើង»៕

To Top