ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់។
យោងតាមរបាយការណ៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា និស្សិតជ័យលាភីដែលនឹងត្រូវទទួលសញ្ញាបត្រនេះ មានចំនួនសរុប ៥,៦១០នាក់ (នារី ២.៩៥២នាក់ ត្រូវជា ៥២.៦ភាគរយ)។ ក្នុងនោះ និស្សិតថ្នាក់បរិញ្ញាបត្រ ៥,៤២៣នាក់ (នារី ២,៨៨០នាក់) និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១៨៧នាក់ (នារី ៧២នាក់)។
យោងតាមលទ្ធផលស្ទង់មតិ របស់សាកលវិទ្យាល័យ ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា ក្នុងចំណោមនិស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រនេះ មាននិស្សិតប្រមាណ ៩៦.០៦ភាគរយ មានការងារធ្វើ។ ក្នុងនោះនិស្សិតថ្នាក់ បរិញ្ញាបត្រមាន ៩៦ភាគរយ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មាន ៩៧.៨៦ភាគរយ។