ព័ត៌មានជាតិ

សម្ដេចតេជោ ៖ យើងមានសុឆ្ទនៈថា ពិភពលោកនឹងរកការស្រុះស្រួលគ្នា គ្រប់គ្រងទំនាក់ទំនង ពិសេសភាពតានតឹងអាមេរិក-ចិន

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបង្ហាញពីសុឆន្ទៈថា ពិភពលោកនឹងខិតខំរិះរកការស្រុះស្រួលគ្នាមួយ ដើម្បីឈានទៅដល់ការគ្រប់គ្រងទំនាក់ទំនង ជាពិសេសភាពតានតឹងរវាងអាមេរិក ជាមួយចិន ព្រោះសង្គ្រាមត្រជាក់បានបញ្ចប់រួចទៅហើយ ។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នាថ្ងៃ៥ មិថុនា សម្ដេចតេជោថ្លែងថា បញ្ហាភូមិសាស្ដ្រនយោបាយក្លាយទៅជាប្រធានបទដ៏ក្ដៅគគុកគឺសង្គ្រាម តែមិនមែនជាបញ្ហាសង្គ្រាមរវាង រុស្ស៊ី និងអ៊ុយក្រែនទេ។ សម្ដេចថា ឥឡូវនេះ តំបន់អាស៊ី កំពុងជាគោលដៅនៃបញ្ហាប្រឈមដ៏គ្រោះថ្នាក់។

សម្ដេចតេជោបន្ដថា ប្រទេសមួយចំនួនបានបញ្ជូននាវាចូលមកកាន់ភូមិសាស្ដ្រអាស៊ី-អាគ្នេយ៍ ហើយតម្រង់ឆ្ពោះទៅរកសមុទ្រចិនខាងត្បូង បន្ថែមពីលើនោះ សម្ព័ន្ធភាពខ្នាតតូចទាក់ទងទៅនឹងការប្រើប្រាស់នាវាមុជទឹកដើរដោយនុយក្លេអ៊ែរ រវាងអាមេរិក អង់គ្លេស អូស្ដ្រាលី ក៏កំពុងក្លាយទៅជាក្តីកង្វល់របស់អាស៊ាន និងបណ្ដាប្រទេសក្នុងតំបន់ ព្រោះអាស៊ាន មានចំណុចពិសេសរបស់ខ្លួន គឺជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ ហើយប្រឆាំងការរីកសាយភាយអាវុធនុយក្លេអ៊ែរផងដែរ។ សម្ដេចបន្ថែមថា បើសិនគ្មានហានិភ័យអ្វីកើត ក៏ចំណុចចាប់ផ្ដើមនៃការរត់ប្រណាំងអាវុធក៏អាចបណ្តាលឲ្យមានគ្រោះថ្នាក់ដែរ។

សម្ដេចនាយករដ្ឋមន្ដ្រីបញ្ជាក់ថា «ខ្ញុំយល់ឃើញថា បើសិនបន្ដស្ថានភាពនេះ(អាវុធនុយក្លេអ៊ែរ)តទៅទៀត ពិភពលោកនឹងប្រឈមគ្រោះថ្នាក់កាន់តែធំ។ ក៏ប៉ុន្ដែយើងនៅតែមានសុឆ្ទនៈថា ពិភពលោករកការស្រុះស្រួលគ្នាមួយ ដើម្បីគ្រប់គ្រងទំនាក់ទំនង ជាពិសេសភាពតានតឹងរវាងសហរដ្ឋអាមេរិក ជាមួយចិន គឺត្រូវរកវិធីគ្រប់គ្រងទំនាក់ទំនងនេះ ហើយជៀសវាងឲ្យបានកើតឡើងវិញ ព្រោះថា សង្គ្រាមត្រជាក់បានកើតរួចទៅហើយ ធ្វើយ៉ាងណាទប់ស្កាត់កុំក្លាយជាហានិភ័យគ្រោះថ្នាក់នៃសង្គ្រាម ចាប់ផ្ដើមពីការប៉ះទង្គិចគ្នាដោយអាវុធណាមួយ»។

សម្ដេចនាយករដ្ឋមន្ដ្រី បានឲ្យដឹងទៀតថា អង្គការណាតូ ធ្លាប់តែនៅទិសខាងលិច ឥឡូវណាតូកំពុងបែរឆ្ពោះមកកាន់តំបន់អាស៊ី ៕

To Top