ភ្នំពេញ៖ កម្ពុជានិងអូស្ត្រាលី បានឯកភាពគ្នា លើកិច្ចសហការទប់ស្កាត់ ការបោកប្រាស់ទាក់ទាញ ពលករ ពីកម្ពុជាឱ្យទៅធ្វើការ នៅប្រទេសអូស្ត្រាលី ផ្នែកកសិកម្ម និងនេសាទ។
ការឯកភាពគ្នានេះ ធ្វើក្នុងជំនួបពិភាក្សាការងារ រវាងលោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក ចាស្ទីន ខេវីន វ្យ៉ាត់ (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មី ប្រចាំកម្ពុជា នៅថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣នៅទីស្តីការក្រសួង។

ក្នុងជំនួបនោះ លោករដ្ឋមន្ត្រីបានលើកឡើងថា កន្លងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានចេញសេចក្ដីជូនដំណឹង រួចហើយ អំពាវនាវសូមឱ្យ ប្រជាពលរដ្ឋប្រុងប្រយ័ត្ន អំពើឆបោកដែលជនទុច្ចរិត ដែលធានាផ្តល់ឱកាសការងារនៅប្រទេសអូស្រ្តាលី ដោយឱ្យប្រជាពលរដ្ឋបង់ប្រាក់ជាមុន ដែលរហូតមកដល់ពេលនេះ កម្ពុជានិងអូស្រ្តាលី មិនទាន់មានកិច្ចសហប្រតិបត្តិការ លើការបញ្ជូនពលករកម្ពុជា ឱ្យទៅធ្វើការនៅប្រទេសអូស្ត្រាលី នៅឡើយទេ។

លោករដ្ឋមន្ត្រី ក៏បានក្រើនរំលឹកនិងអំពាវនាវ សារជាថ្មី ដល់ប្រជាពលរដ្ឋកម្ពុជា សូមកុំចាញ់បោកពួកមេខ្យល់ ទាំងនោះ ហើយសូមចូលរួមសហការ ផ្តល់ព័ត៌មាន ដល់ក្រសួង បើសិនមានភ្នាក់ងារជ្រើសរើសណាមួយ ធ្វើការជ្រើសរើសនិងបញ្ជូនពលករ ធ្វើការនៅប្រទេសអូស្ត្រាលី។

ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាលើការកាត់បន្ថយ និងឈានទៅដល់ការហាមប្រាម ឬលុបបំបាត់នូវការប្រើប្រាស់ សារធាតុអាបេស្តូសនៅកម្ពុជា។
ចំណែកលោក ចាស្ទីន ខេវិន បានលើកឡើងថា នៅប្រទេសអូស្ត្រាលី សារធាតុអាបេស្តូសនេះគឺបង្កមហន្តរាយច្រើនណាស់ដល់កម្មករនិយោជិត ហើយនៅតែមានជនរងគ្រោះ ជាច្រើនទៀត ដែលប៉ះពាល់សុខភាព ដោយសារសារធាតុអាបេស្តូស។

ឆ្លើយតបនឹងការលើកឡើងនេះ លោកអ៊ិត សំហេង បានបញ្ជាក់ថា ក្រសួងការងារបាននិងកំពុងខិតខំធ្វើកិច្ចការនេះ ដើម្បីឈានដល់ការហាមប្រាមការប្រើប្រាស់សារធាតុអាបេស្តូសនៅត្រឹមឆ្នាំ២០២៥។ នៅចំពោះមុខ កម្ពុជាកំពុងបញ្ជ្រាបការយលដឹងឱ្យបានច្រើននៅតាមក្រសួង ស្ថាប័ន អង្គការដៃគូ សហគ្រាស សហគមន៍កម្មករនិយោជិតជាដើម។
លោករដ្ឋមន្ត្រី អ៊ិត សំហេង បានថ្លែងទៅកាន់លោកឯកអគ្គរដ្ឋទូតអូស្ត្រាលីថា ដោយសាររាជរដ្ឋាភិបាលកម្ពុជាបន្តរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ ទើបជំរុញឱ្យមានការអភិវឌ្ឍឈានឡើង ក្នុងនោះវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងសំខាន់៕
