ព័ត៌មានជាតិ

គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គ្រោងចំណាយ ៤ពាន់លានដុល្លារ

ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹង គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅសៀមរាប និងប៉ោយប៉ែត មានប្រវែង ៤០០គីឡូម៉ែត្រ គ្រោងចំណាយ៤ពាន់លានដុល្លារ។

លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងបន្ដថា ការកសាងផ្លូវល្បឿនលឿនពីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត មានប្រវែង ៤០០គីឡូម៉ែត្រនោះ តាមការប៉ាន់ស្មាន ចំណាយជាមធ្យម ១០លានដុល្លារ ក្នុងមួយគីឡូម៉ែត្រ។

នាឱកាសអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement – FA) គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ជាមួយ លោក Du Fei តំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នៅទីស្ដីការក្រសួង នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា គម្រោងល្បឿនលឿនពីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងសាងសង់ជា ២ដំណាក់កាល រួមមាន ៖ ដំណាក់កាលទី១ ពីភ្នំពេញ ទៅខេត្តសៀមរាប ប្រវែង ២៥០គីឡូម៉ែត្រ និងដំណាក់កាលទី២ ពីសៀមរាប ទៅប៉ោយប៉ែត ប្រវែង ១៥០គីឡូម៉ែត្រ។

លោកទេសរដ្ឋមន្ដ្រី គូសបញ្ជាក់ថា «គិតជាមធ្យមថា ១០លានដុល្លារ ក្នុងមួយគីឡូម៉ែត្រ ចឹង ២៥០គីឡូម៉ែត្រ (ពីភ្នំពេញ-សៀមរាប) អស់ថវិកា ២៥០០លានដុល្លារ ដើម្បីដល់សៀមរាបរបស់យើង»។

ឆ្លៀតឱកាសនោះ លោកទេសរដ្ឋមន្ដ្រី បានឱ្យដឹងទៀតថា ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ត្រូវការពេលវេលាត្រឹមតែ ៦ខែប៉ុណ្ណោះ ដើម្បីសិក្សាលម្អិតគម្រោងសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅសៀមរាប ពីសៀមរាប ទៅប៉ោយប៉ែត ហើយគ្រោងនឹងសិក្សាជា ៤គន្លង ដូចផ្លូវល្បឿនលឿនមុនៗដែរ។

យោងតាមគំរូប្លង់សិក្សារបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន បានបង្ហាញនាពេលកន្លងមក គម្រោងផ្លូវល្បឿនលឿននេះ នឹងត្រូវឆ្លងកាត់ រាជធានី-ខេត្ត ចំនួន៥ រួមមាន៖ ភ្នំពេញ ខេត្ដកណ្ដាល កំពង់ចាម កំពង់ធំ សៀមរាប និងបន្ទាយមានជ័យ។តាមការគ្រោងទុក មិនលេីសដំណាច់ឆ្នាំ២០២៤នោះទេ គម្រោងនេះនឹងត្រូវប្រារព្ធពិធីបើកការដ្ឋានសាងសង់៕

To Top