ព័ត៌មានជាតិ

សម្ដេចតេជោ ៖ កម្មករ ត្រូវហ៊ានចង្អុលមុខ ក្រុមប្រឆាំង ដែលបំផុសបរទេស កុំឲ្យមកវិនិយោគ នៅកម្ពុជា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រាប់កម្មករ-កម្មការិនីនៅទូទាំងប្រទេសថា ត្រូវហ៊ានចង្អុលមុខក្រុមប្រឆាំងណាដែលទៅបំផុសចលនាបរទេសកុំឲ្យមកវិនិយោគនៅកម្ពុជា និងកុំឲ្យទិញទំនិញពីកម្ពុជាផងដែរ។

នាឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅពង់ឆ្នាំង នាព្រឹកថ្ងៃ៨ មិថុនា សម្ដេចតេជោមានប្រសាសន៍ថា រាជរដ្ឋាភិបាល បន្ដអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានានៅកម្ពុជា ជាមួយបរិយាកាសល្អប្រសើរ សម្រាប់ទាក់ទាញអ្នកវិនិយោគ ដើម្បីបង្កើនការងារ។

សម្ដេចបន្តថា «ក្មួយៗកម្មករ ត្រូវហ៊ានចង្អុលមុខក្រុមប្រឆាំងណាក៏ដោយដែលទៅចលនាបរទេសកុំឲ្យមកវិនិយោគនៅកម្ពុជា កុំឲ្យទិញទំនិញពីកម្ពុជា ក្មួយៗចង្អុលមុខថា ពួកហ្អែងហ្នឹងហើយ បំផ្លាញអញៗ គ្មានអ្នកណាផ្សេងក្រៅពីហ្នឹងទេ»។

សម្ដេចបានឲ្យដឹងទៀតថា អ្នកនយោបាយប្រទេសដទៃ ទោះបីប្រឆាំងគ្នាក៏ដោយ ប៉ុន្ដែគេមិនទាមទារឲ្យបរទេសឈប់ទិញទំនិញពីប្រទេសខ្លួនឡើយ និងមិនរារាំងប្រទេសដទៃឈប់ផ្ដល់ជំនួយដល់ប្រទេសខ្លួននោះដែរ។ សម្ដេចថា ប៉ុន្តែអ្នកនយោបាយប្រឆាំងនៅកម្ពុជា បានប្រាប់បរទេសកុំឲ្យមកវិនិយោគ កុំទិញទំនិញពីកម្ពុជាទៅវិញ ហើយឲ្យដាក់ទណ្ឌកម្មថែមទៀត។ សម្ដេចបញ្ជាក់ថា «ដូច្នេះអ្នកទាំងនោះ គឺជាសត្រូវរបស់កម្ពុជាតែម្ដង»។

នាឱកាសនោះដែរ សម្តេចតេជោលើកឡើងទៀតថា ដើម្បីមានយន្តការត្រឹមត្រូវ ក្នុងការដំឡើងប្រាក់ខែដល់កម្មករ រាជរដ្ឋាភិបាលបានបង្កើតយន្តការត្រីភាគីមួយ ដោយមានការចូលរួមពីរាជរដ្ឋាភិបាល ម្ចាស់រោងចក្រ និងសហជីព ដើម្បីគិតគូរអំពីការដំឡើងប្រាក់ខែក្នុងរយៈពេល១ឆ្នាំម្ដងដល់ពួកគាត់៕

To Top