ភ្នំពេញ ៖ កម្ពុជានឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះហើយ ប៉ុន្តែទោះបីជាមិនទាន់ ដល់កំណត់ នៃការបោះឆ្នោតក៏ដោយ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ន និងជាប្រធានគណបក្សប្រជាជនកម្ពុជា(CPP) បានទម្លាយឲ្យដឹងថា តាមការព្យាការណ៍ សមាសភាពរាជរដ្ឋាភិបាលថ្មី សម្រាប់អាណត្តិទី៧ នឹងត្រូវលិចរូបរាងនៅដំណាច់ខែសីហា ឆ្នាំ២០២៣ខាងមុខនេះហើយ ពោលក្រោយបោះឆ្នោតបន្តិច ។
ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករនៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃ៨ មិថុនា សម្តេចតេជោបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ឥឡូវតាមការព្យាករណ៍ រាជរដ្ឋាភិបាលកម្ពុជាថ្មី អាចនឹងចាប់កំណើតនៅដំណាច់ខែសីហា ឆ្នាំ២០២៣ ដែលកាលពីឆ្នាំ២០១៨ យើងបោះឆ្នោតនៅថ្ងៃ២៩ ខែកក្កដា ដល់យើងបង្កើតរាជរដ្ឋាភិបាល គឺបង្កើតនៅថ្ងៃទី៥ ខែកញ្ញា ។ អីចឹងឥឡូវដកថយពីថ្ងៃទី២៩ មកថ្ងៃ២៣កក្កដា ដូច្នេះបើគ្មានការបោះឆ្នោត នៅកន្លែងណាមួយទេ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប)សម្រេចក្រុមប្រឹក្សាធម្មនុញ្ញ សម្រេចគ.ជ.បប្រកាសបោះឆ្នោតផ្លូវការ ហើយប្រកាសបេក្ខជនជាប់ឆ្នោត ព្រោះមហាក្សត្រ អាចកោះប្រជុំសភាលើកដំបូងបាន»។
សម្តេចតេជោបន្តថា តាមការព្យាករណ៍សមាសភាពរាជរដ្ឋាភិបាល អាចចេញជារូបរាងនៅថ្ងៃ២៩ ឬ៣០ សីហា អាចប្រជុំសភា ហើយថ្ងៃ៣១ សីហាអាចបង្កើតរាជរដ្ឋាភិបាលបាន ។
សម្តេចតេជោគូសបញ្ជាក់ទៀតថា «តែព្រះមហាក្សត្រ ព្រះអង្គកោះប្រជុំសភារួចហើយ ព្រឹទ្ធបុរសនឹងចាប់ដំណើរបង្កើតក្បាលម៉ាស៊ីនសភា នឹងបង្កើតរាជរដ្ឋាភិបាលបានហើយ ។ អីចឹងទេ ចាប់ពីអាណត្តិទី៦នេះ នៅសល់រហូតដល់បង្កើតរាជរដ្ឋាភិបាលថ្មី យើងអាចគិតត្រឹម៣១ សីហាចុះ អីចឹងនៅសល់ប៉ុន្មានខែទៀតទេ»។
ជាមួយគ្នានោះដែរ សម្តេចតេជោបានអះអាងថា បានគោរពប្រជាធិបតេយ្យល្អជាងបណ្តាប្រទេសមួយចំនួន ដោយសារនៅកម្ពុជាបានគោរពច្បាប់រដ្ឋធម្មនុញ្ញ ដោយការបោះឆ្នោតមានរយៈពេល៥ឆ្នាំម្តង។នៅកម្ពុជាខុសបណ្តាប្រទេសមួយចំនួន បានធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ ធ្វើការបោះឆ្នោតមុនកំណត់ក៏មានដែរ។
សម្រាប់ការបោះឆ្នោតជ្រើសរើស អ្នកតំណាងរាស្ត្រអាណត្តិទី៧ នៃរដ្ឋសភាខាងមុខនេះ សម្តេចតេជោ សង្ឃឹមថា គណបក្សប្រជាជនកម្ពុជា នឹងនៅតែមានការគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋច្រើនលើសលុប។ សម្តេចថា «ខ្ញុំសង្ឃឹមថា ទេវតានឹងនៅជាមួយប្រជាជនកម្ពុជាជានិច្ច។ មានអ្នកខ្លះថា ទេវតាអី នៅជាមួយប្រជាជនយូរម្ល៉េះ តែកុំភ្លេចថា សូម្បីចូលឆ្នាំថ្មីម្តង ព្រះរាជបុត្រ ឬកូនទេវតា ក៏នៅដដែលផងដែរ ព្រោះគេមិនអាចឲ្យ កូនដំរីមកជំនួសបានទេ» ។
ការបញ្ជាក់របស់សម្តេចតេជោបែបនេះ ខណៈការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រ អាណត្តិទី៧នៃរដ្ឋសភា កាន់តែរំកិលខិតជិតមកដល់ហើយ ពោលគឺនៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ខាងមុខ ដោយមានគណបក្សនយោបាយចំនួន១៨ ចូលរួមប្រកួតប្រជែងដណ្តើមសន្លឹកឆ្នោត ៕