ព័ត៌មានជាតិ

ដើមឆ្នាំនេះ កម្ពុជានាំចេញស្រូវ-អង្ករជាង​ ២លានតោន ទទួលចំណូល៧៣៦លានដុល្លារ

ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករ បានឲ្យដឹង ក្នុងរយៈពេល៥ខែដើម ឆ្នាំ២០២៣ កម្ពុជាសម្រេចបានការនាំចេញស្រូវចំនួន ២ ១៤២ ៤៨៣តោន និងអង្ករចំនួន ២៧៨ ១៨៤តោន ដោយគិតជាទឹកប្រាក់សរុបមានចំនួន ៧៣៦.៩០លានដុល្លារ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករ នាពេលថ្មីៗនេះ បានឲ្យដឹងថា ការនាំអង្ករបានធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញចំនួន ៤៨ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៤៩ បានបរិមាណអង្ករសរុបចំនួន ២៧៨ ១៨៤ តោន គិតជាទឹកប្រាក់ចំនួន ១៩១.៦៤ លានដុល្លារ និងស្រូវចំនួន ២ ១៤២ ៤៨៣ តោន (ប្រមាណជា ១.៣៧ លានតោនអង្ករ) ទៅកាន់ប្រទេសវៀតណាម គិតជាទឹកប្រាក់ប្រមាណជា ៥៤៥.២៦ លានដុល្លារ។

របាយការណ៍បញ្ជាក់ថា ការនាំចេញនេះអង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៨៣.៤៩%, អង្ករសចំនួន១០.៨៧%, អង្ករចំហុយ៣.៧១% និងអង្ករសរីរាង្គចំនួន ១.៩៣%។

ក្នុងចំណោមទីផ្សារ គឺចិននៅតែជាទីផ្សារចម្បងរបស់កម្ពុជា ដែលគ្របដណ្តប់លើការនាំចេញសរុបចំនួន ៤២.៤៣% មានទឹកប្រាក់សរុបចំនួន ៧៧.៤២ លានដុល្លារ, ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន ២៥ប្រទេស គ្របដណ្តប់ចំនួន ៣៧.៩៣% ដែលគិតជាទឹកប្រាក់ប្រមាណជា ៧១.៩៩លានដុល្លារ ប្រទេសអាស៊ានចំនួន៤ ស្មើនឹង ៧.៨៦% ក្នុងនោះហ្វីលីពីនជាទីផ្សារទើបនាំចេញ ក្នុងបរិមាណធំលើកទី១ចំនួន ២ ៥៧៥តោន ។ ក្រៅពីនេះទីផ្សារផ្សេងៗចំនួន ២០គោលដៅស្មើនឹង ១០.៧៨%៕

To Top