ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា រាល់ការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ គឺដើម្បីបំពេញនូវតម្រូវការរបស់ប្រជាជន និងឧត្តមប្រយោជន៍សេដ្ឋកិច្ចរបស់កម្ពុជា។
ក្នុងឱកាសអញ្ជើញបិទ វគ្គបណ្តុះបណ្តាលតម្រង់ទិសលើអភិបាលកិច្ចគ្រប់គ្រង និងចុះបញ្ជីដីរដ្ឋសម្រាប់តំបន់ការពារធម្មជាតិ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ លោករដ្ឋមន្ដ្រី សាយ សំអាល់ បានគូសបញ្ជាក់ថា «ការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ គឺដើម្បីបំពេញនូវតម្រូវការរបស់ប្រជាជន និងឧត្តមប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលតំបន់ការពារធម្មជាតិទាំងអស់ គឺជាសសរកន្លោងទ្រទ្រង់ ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន»។
លោករដ្ឋមន្ដ្រីបន្ដថា ការការពារ និងអភិរក្សធនធានធម្មជាតិ គឺបង្កើនជម្រើសមុខរបរឲ្យសហគមន៍មានឱកាសគិតគូរពីប្រភពចំណូលផ្សេង ក្រៅពីការពឹងផ្អែកលើធនធានធម្មជាតិ ដូចជា ការចិញ្ចឹមសត្វ ដំណាំជុំវិញផ្ទះ ដើម្បីធានាបាននូវសន្តិសុខស្បៀងសម្រាប់គ្រួសារ និងសហគមន៍។ ជាមួយគ្នានេះ រដ្ឋមន្ត្រី បានជំរុញនិងលើកទឹកចិត្តឲ្យស្នាក់ការតំបន់ការពារធម្មជាតិទាំងអស់ ចិញ្ចឹមសត្វ និងការដាំដុះ សម្រាប់បម្រើឲ្យតម្រូវ ការរបស់អង្គភាពផងដែរ ។
លោកលើកឡើងទៀតថា មន្ត្រីក្រសួងបរិស្ថាន គួរគិតគូរ អំពីតម្លៃសេដ្ឋកិច្ចរបស់តំបន់ ការពារធម្មជាតិ ជម្រើសកម្សាន្ត លំហែ និងទេសចរណ៍ របស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស ជំរុញការចុះបញ្ជីតំបន់ការពារធម្មជាតិឲ្យស្រប តាមនីតិវិធីជាធរមាន ដោយមានការចូលរួមពីក្រសួងមហាផ្ទៃ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ៕