ភ្នំពេញ៖ មកដល់កម្ពុជា មិនទាន់ស្រួលបួលផង លោក សាន សុជា ដែលសម្តេចតេជោ បានហៅថា អន្ទិត សាន សុខជា បានស្នើសុំជួបសម្តេច ដោយបានកំណត់យកថ្ងៃទី១៣ មិថុនាតែម្តង នៅគេហដ្ឋានសម្តេចផ្ទាល់ ខណៈកន្លងមកក្រោយលោកលាចាកសិក្ខាបថ ធ្លាប់មានចចាមអារាមថា មានការជាប់ពាក់ព័ន្ធនឹងគណបក្សប្រឆាំង។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ នៅខណ្ឌពោធិ៍សែនជ័យ នាថ្ងៃ១៣ មិថុនា សម្ដេចតេជោ បានរំលឹកដល់ការមកដល់ និងការណាត់ជួប រវាងសម្តេច និងលោកសាន សុខជា ដែលត្រូវបានមនុស្សជាច្រើន បានស្គាល់ច្បាស់ក្នុងអំឡុងពេលដែលលោកនៅជាព្រះសង្ឃ តែងតែអប់រំណែនាំ ទាំងផ្លូវការ និងផ្លូវចិត្ត ដល់ពុទ្ធបរិសទ្ធទាំងឡាយ មិនថាក្នុងនិងក្រៅប្រទេស ។
សម្តេចតេជោ បានមានប្រសាសន៍ថា “អន្ទិត សាន សុខជា ដែលពីមុននៅជាព្រះសង្ឃគេហៅ តេគុណ សាន សុខជា ឥឡូវទៅជាអន្ទិត ព្រោះលាចាកសិក្ខាបថហើយ ។ ម្សិលម្ងៃ បានមកដល់សៀមរាប ចុះតែពីលើយន្តហោះ ទាក់ទងគ្នាដើម្បីមកសុំជួប នាយករដ្ឋមន្ត្រី ហើយចឹងថា ឥឡូវឲ្យរើសទៅ រវាងថ្ងៃទី១៣ និងថ្ងៃទី១៤ ចឹងគ្នាក៏សុំរើសថ្ងៃទី១៣ម្តងទៅ” ។
យ៉ាងណាម៉េចសម្តេចនាយករដ្ឋមន្ត្រី នៅមិនទាន់បង្ហើបឲ្យដឹងឡើយ ជុំវិញលោក សាន សុខជា ស្នើជួបសម្តេច ក្នុងគោលបំណងអ្វីនោះឡើយ ។
គួរឲ្យដឹងថា លោក សាន សុខជា បានលាចាកសិក្ខាបថ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ដោយកាលនោះ លោកធ្លាប់បានលើកឡើងថា ចង់មានពេលវេលា សម្រាប់មើលថែ អ្នកម្តាយដែលមានជន្មាយុកាន់តែជ្រើន ។ ស្របគ្នានឹងដំណឹងថា លោកគ្រូ សាន សុខជា លាចាកសិក្ខាបថ ក៏មានពាក្យចចាមអារាមជាច្រើន ចេញពីប្រភពអ្នកនៅក្រៅស្រុក បានបន្តពីមួយទៅមួយថា លោកនឹងចេញមកប្រឡូកក្នុងនយោបាយ ហើយជាពិសេសនោះ ចូលរួមជាមួយក្រុមប្រឆាំងក្រៅស្រុក ប៉ុន្តែយ៉ាងណាពាក្យចចាមអារាមទាំងនេះ បានស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីលោក សាន សុខជា បានបន្តជីវិតបែបអ្នកសិល្បៈអស់មួយរយៈពេលខ្លីមកនេះ៕
 
													
																							
 
																								
												
												
												 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									