ព័ត៌មានជាតិ

សម្តេចតេជោថា ជំនួបជាមួយ សាន សុជា គឺចង់លើកកម្ពស់ការអប់រំសង្គម

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហើបឲ្យសាធារណៈជនបានដឹង អំពីជំនួបរបស់សម្តេច និងលោក សាន សុជា អតីតព្រះគ្រូសង្ឃដ៏ល្បីល្បាញ អំពីការគាំទ្រឲ្យព្រះសង្ឃដែលលាចាកសិក្ខាបថ បន្តកិច្ចការអប់រំសង្គម និងការអប់រំផ្លូវចិត្ត ដោយប្រើប្រាស់ព្រះធម៌ សម្រាប់ការរក្សាសន្តិភាព និងស្ថេរភាពនយោបាយ ។

លោក សាន សុជា កាលពីថ្ងៃទី១៣ មិថុនា ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាអនុញ្ញាតឲ្យចូលជួប នៅគេហដ្ឋានសម្តេចផ្ទាល់ ។ ក្រោយដំណឹងការណាត់ជួបនេះឡើង មតិមហាជន ជាពិសេសការទាញឲ្យលោក សាន សុជា ធ្លាក់ចូលក្នុងនយោបាយ បានលើកឡើងថា លោក សាន សុជា ជួបសម្តេចដើម្បីទទួលបានតួនាទីអ្វីមួយក្នុងជួររាជរដ្ឋាភិបាល ។

បន្ទាប់ពីជួបសម្តេចតេជោហើយ លោក សាន សុជាក៏បានបន្តទៅជួបលោកបណ្ឌិត ហ៊ុន ម៉ាណែតជាកូនប្រុសច្បងសម្តេចផងដែរ នៅក្នុងថ្ងៃតែមួយដូចគ្នា ហើយក៏បន្តដំណើរកំសាន្តទៅលេងខេត្តព្រះសីហនុលើផ្លូវល្បឿនលឿន ដោយមានលោកអភិបាលខេត្ត គួច ចំរើន អញ្ជើញពិសារអាហារមួយពេលដែរ ។

ប៉ុន្តែយ៉ាងណាមិញចម្ងល់ទាំងនេះ ត្រូវបានសម្តេចតេជោ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ នាថ្ងៃទី១៤ មិថុនា បានបង្ហើបឲ្យដឹងយ៉ាងខ្លីថា “ម្សិលមិញ ជួបជាមួយលោកក្មួយ ព្រោះសុំហៅលោកអ៊ុំ ។

លោកក្មួយ សាន សុជា ក្រោយពីជួបម៉ាណែតហើយ ទៅកំពង់សោម ព្រោះចង់ស្គាល់ផ្លូវល្បឿនលឿន លឺថា គួច ចំរើន (អភិបាលខេត្តព្រះសីហនុ) ប៉ាវបាយមួយពេល ។

ពីដើមធ្លាប់តែទេសនា តែឥឡូវហ្នឹង គឺស្វែងរកការគាំទ្រ ហើយយើងក៏ត្រូវការ ដើម្បីឲ្យព្រះសង្ឃដែលលាចាកសិក្ខាបថ ដែលមានចេះធម៌អាត្រឹមត្រូវ គឺបន្តទៅតាមផ្លូវ ជួយទៅដល់ការអប់រំ សង្គម អប់រំផ្លូវចិត្ត ដើម្បីធ្វើយ៉ាងម៉េច គឺប្រើប្រាស់នូវធម៌អា សម្រាប់ការរក្សាសន្តិភាព រក្សាស្ថេរភាពនយោបាយ ជាពិសេសការកសាងអំពើល្អ នៅក្នុងចំណោមប្រជាជនរបស់យើង “។

គួរឲ្យដឹងថា លោក សាន សុខជា បានលាចាកសិក្ខាបថ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅលើទឹកដីអូស្រ្តាលី និងបានមកដល់ទឹកដីកម្ពុជានៅថ្ងៃទី១៣ មិថុនា ឆ្នាំ២០២៣ ដោយការមកដល់ទឹកដីកម្ពុជាភ្លាម លោកបានទាក់ទងសុំជួបជាមួយសម្តេចតេជោតែម្តង ៕

To Top