ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើប្រទេសកាណាដា ពិនិត្យលទ្ធភាពធ្វើសហប្រតិបត្តិការ លើការអភិវឌ្ឍធនធានមនុស្ស តាមរយៈវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដោយបណ្តុះបណ្តាលបន្ថែមតាមប្រព័ន្ធ Zoom ពីសាស្រ្តាចារ្យជំនាញ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃប្រទេសកាណាដា ។
ក្នុងឱកាសអនុញ្ញាតឲ្យ លោកស្រី Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ និងជម្រាបលា នាថ្ងៃទី២១ មិថុនា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងពីការរីកចម្រើន និងការកសាងឥតឈប់ឈរលើ វិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសការដាក់ដំណើរការ និងគម្រោងសាងសង់ផ្លូវល្បឿនលឿននានា និងគម្រោងព្រែកជីកហ្វូណនតេជោ។
លោកទេសរដ្ឋមន្រ្តី ក៏បានលើកឡើងពីតម្រូវការគោលនយោបាយ និងយុទ្ធសាស្រ្តលើការគ្រប់គ្រង យានយន្តអគ្គិសនី ដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដីផងដែរ។
លោករដ្ឋមន្ត្រី ក៏បានជម្រាបទូតកាណាដា បន្ថែមពីវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលបានកំពុងអភិវឌ្ឍន៍ធនធានមនុស្សឱ្យក្លាយជាវិស្វករនាថ្ងៃអនាគតយ៉ាងពិតប្រាកដ មានជំនាញច្បាស់លាស់ ដើម្បីបន្តអភិវឌ្ឍ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន របស់កម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។
ក្នុងឱកាសនេះដែរ លោកស្រីទូត បានសម្តែងនូវអំណរគុណ ចំពោះរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសាធារណការ ដែលតែងតែផ្តល់នូវកិច្ចសហការល្អជាមួយប្រទេសកាណាដា។
លោកស្រីបានគោរពអញ្ជើញ លោកទេសរដ្ឋមន្រ្តី ចូលរួមទិវាបុណ្យជាតិប្រទេសកាណាដា នាដើមខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ព្រមទាំងបានលើកឡើងពីបំណង នៃកិច្ចសហការអភិវឌ្ឍធនធានមនុស្ស តាមរយៈការចុះអនុស្សរណៈនៃការយោគយល់ រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ជាមួយនឹងសាលា ឬស្ថាប័នជំនាញផ្នែកហេដ្ឋរចនាសម្ព័ន្ធ នៃប្រទេសកាណាដា ៕