ព័ត៌មានជាតិ

អាងប្រព្រឹត្តកម្ម ទឹកកខ្វក់ទី៣ ក្រុងព្រះសីហនុ នឹងបើកសាកល្បង នៅចុងខែកក្កដា នេះ

រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ

ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ អញ្ជើញដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពស្ថានីយ៍ប្រព្រឹត្តកម្ម ទឹកកខ្វក់ទី៣​ (PS3)​ស្ថិតនៅភូមិ៤ សង្កាត់លេខ៤​ ក្រុងព្រះសីហនុ។ នេះបើយោងតាមរដ្ឋបាលខេត្តព្រះសីហនុ។

តាមតំណាងក្រុមហ៊ុន X.WATER បានឱ្យដឹងថា «ដំណើរការសាងសង់ អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) បានប្រព្រឹត្តដោយរលូន តាមផែនការគ្រោងទុក មកដល់បច្ចុប្បន្នការសាងសង់ អាងប្រព្រឹត្តកម្មទឹកកខ្វក់នេះ សម្រេចបាន ៩៨ភាគរយ និងអាចបញ្ចប់ នៅចុងខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ហើយក្រុមហ៊ុនកំពុងនឹងរៀបចំ ធ្វើត្តេសសាកល្បងនៅចុងខែកក្កដា ២០២៣ មុនដឹងដាក់ឱ្យដំណើរការជាផ្លូវការ។ អាងប្រព្រឹត្តកម្មទឹកកខ្វក់នេះ វាមានសមត្ថភាពផលិតទឹកកខ្វក់ ក្នុងមួយថ្ងៃ ២០,០០០ម៉ែត្រគូប»។

ក្នុងឱកាសនោះលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពិនិត្យវឌ្ឍនភាព នៃការសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រេចសាងសង់ស្ថានីយ ប្រព្រឹត្តកម្មទី១ ទី២ និងទី៣ ក្នុងគោលបំណងដើម្បីបន្សុទ្ធទឹកកខ្វក់ ទឹកស្អុយ ឱ្យក្លាយជាទឹកដែលស្អាត ស្របតាមស្តង់ដារបរិស្ថាន មុននឹងបញ្ចេញចោល ទៅក្នុងសមុទ្រ ដោយប្រើបចេ្ចកវិទ្យាចុងក្រោយ MABR និងត្រូវបានទទួលស្គាល់ថា ជាបច្ចេកវិទ្យាដែលមានស្ថេរភាព ប្រសិទ្ធភាពខ្ពស់ សន្សំសំចៃថាមពល គ្មានសំឡេងរំខាន និងគ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ។

ជាពិសេសការបញ្ចេញ កាកសំណល់ប្រើប្រាស់ ដែលមានចំនួនច្រើន និងមានសារធាតុពុល អាចបង្កផលប៉ះពាល់ដល់ បរិស្ថានជុំវិញ មានដូចជាមនុស្ស សត្វ រុក្ខជាតិ ជីវចម្រុះ និងឆ្នេរសមុទ្រខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុ មានស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងបរិមាណ ៥.២០០ម៉ែត្រគូបក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៣ ដែលមានផ្ទៃដី ៣៦៤ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។

-ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧.២០០ម៉ែត្រគូបក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៤ ដែលមានផ្ទៃដី ៤៨៦ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។ហើយស្ថានីយទឹកកខ្វក់ទី១ និងទី២ បានដាក់ឱ្យដំណើរការ។
ចំណែកស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ដែលកំពុងសាងសង់សម្រេចបាន ៩៨ភាគរយ វាមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងបរិមាណ ២០,០០០ម៉ែត្រ គូបក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៥ និងតំបន់ទី៦ ដែលមានផ្ទៃដី ២.៦៩០ហិកតា ស្ថិតក្នុងសង្កាត់ លេខ៤ ដែលសាងសង់ដោយក្រុមហ៊ុន X.WATER TECHNOLOGY CO.,LTD។

តាមការឱ្យដឹង ក្រៅពីស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទាំង ៣ខាងលើ ខេត្តព្រះសីហនុនៅមានស្ថានីយបូមទឹកកខ្វក់ចំនួន៧ទីតាំង ផ្សេងទៀត ក្នុងនោះ ៤ទីតាំង ស្ថាបនាដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និង ៣ទីតាំងទៀត ស្ថាបនាដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបូមទឹកកខ្វក់ទម្លាក់ទៅស្ថានីយច្រោះសម្អាតទឹកកាកសំណល់ក្នុងក្រុងព្រះសីហនុ (១៦ហិកតា)។

សូមរម្លឹកថា អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) ត្រូវបានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរ សមុទ្រកម្ពុជា៕

To Top