ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ក្នុងកាលៈទេសៈ នៃការប្រឈមបញ្ហាធំៗ នៅក្នុងពិភពលោក គឺយុទ្ធសាស្ត្រទំនាក់ទំនងកម្ពុជា-ចិន ពិតជាមានសារៈសំខាន់ ជាងពេលណាៗទាំងអស់។
ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី៦៥ នៃការបង្កើតទំនាក់ទំនង ការទូតរវាងកម្ពុជា-ចិន សម្ដេចតេជោ បានលើកឡើងថា ទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៨ ប៉ុន្តែតាមពិតចំណងទាក់ទងជាប្រពៃណីនេះ បានកើតមានតាំងពីរាប់សតវត្សរ៍មុនមកម្ល៉េះ។ តាមរយៈប្រវត្តិសាស្ត្រដ៏យូរអង្វែងនេះ ថ្នាក់ដឹកនាំជំនាន់ក្រោយៗ នៃប្រទេសទាំងពីរបានថែរក្សា និងពូនជ្រំបានយ៉ាងខ្ជាប់ខ្ជួននូវទំនាក់ទំនងនេះធ្វើឲ្យប្រទេសទាំងពីរ មានចំណងមិត្តភាពដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កាលើវិស័យជាច្រើន នាពេលបច្ចុប្បន្ន។
សម្ដេចបន្ថែមថា ទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ដែលបានកសាងឡើងឈរលើមូលដ្ឋានដ៏រឹងមាំ នៃទំនុកចិត្តផ្នែកនយោបាយ និងការគោពគ្នាទៅវិញទៅមក ចំពោះឯករាជ្យភាព និងអធិបតេយ្យភាព បានបន្តរីកចម្រើន កាន់តែរឹងមាំឡើងៗ និងបានវិវត្តន៍ទៅជាមិត្តភាពដែកថែបដែលត្រូវបានគាំទ្រដោយការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់ រួមទាំងការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រ និងការគាំទ្រគ្នាទៅវិញ ទៅមកទាន់ពេលវេលា ក្នុងគ្រប់កាលៈទេសៈទាំងអស់។
សម្ដេចបន្តថា ដំណើរទស្សនកិច្ចភ្លាមៗ មិនបានគ្រោងទុករបស់សម្ដេច ទៅកាន់ទីក្រុងប៉េកាំង នៅដើមឆ្នាំ២០២០ ដើម្បីបង្ហាញពីការគាំទ្ររបស់កម្ពុជា ចំពោះរដ្ឋាភិបាល និងប្រជាជនចិន ក្នុងដំណាក់កាលដំបូងនៃការផ្ទុះរាលដាលជំងឺកូវីដ១៩ និងការគាំទ្រទាន់ពេលនិងធំធេងរបស់ចិន សម្រាប់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវដៃ គឺសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ពីភាពរឹងមាំ នៃសាមគ្គីភាព និងមិត្តភាពដែកថែបពិសេសក្នុងស្ថានភាពលំបាក។
សម្ដេចកត់សម្គាល់ ក្រៅពីភាពជាដៃគូពាណិជ្ជកម្ម ដ៏សំខាន់របស់កម្ពុជា ចិនបច្ចុប្បន្នជាកម្លាំងចលករ ដ៏សំខាន់ ការជំរុញការវិយោគទុនពីបរទេស និងជាអ្នកផ្តល់ជំនួយអភិវឌ្ឍន៍ដ៏ធំ ចំពោះកម្ពុជា។
សម្ដេចក៏បានបង្ហាញ មោទកភាពចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានចូលជាធរមាននៅ ឆ្នាំ២០២២ បានជំរុញយ៉ាងខ្លាំងនូវពាណិជ្ជកម្មទ្វេភាគី និងលំហូរវិនិយោគ។ ជាមួយនឹងកិច្ចព្រមព្រៀងនេះ កម្ពុជាត្រៀមជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយមិត្តចិន ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងដល់១៥ពាន់លានដុល្លារនៅឆ្នាំ២០២៥ ដូចដែលបានឯកភាព កំណត់ក្នុងគោលដៅ។
សម្ដេចតេជោ បានប្រាប់ភាគីចិនឲ្យជឿជាក់ នូវជំហររបស់កម្ពុជា ក្នុងការប្រកាន់ខ្ជាប់ឥតងាករេ ចំពោះគោលនយោបាយចិនមួយ និងការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមផ្សេងទៀតដែលស្នើដោយមិត្តចិន ដូចជា គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្ដើមសន្តិសុខសកល ក្នុងចំណោមគំនិតផ្តួចផ្ដើមដទៃទៀត។
សម្ដេចគូសបញ្ជាក់ថា «ក្នុងកាលៈទេសៈ នៃការប្រឈមបញ្ហាធំៗ នៅក្នុងពិភពលោក យុទ្ធសាស្ត្រនៃទំនាក់ទំនងកម្ពុជា-ចិន គឺ ពិតជាសំខាន់ ជាពេលណាៗទាំងអស់»។
សម្ដេចតេជោ មានជំនឿថា ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នា កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ចិន នឹងបន្តរីកចម្រើនកាន់តែស៊ីជម្រៅ និងវិសាលភាពធំទូលាយ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ហើយសម្ដេចទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោកLi Qiang នាយករដ្ឋមន្រ្ដីចិន ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ធ្វើឲ្យស៊ីជម្រៅនូវសហគមន៍វាសនារួម និងពង្រឹងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ក៏ដូចជាការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងតំបន់ និងលើឆាកអន្តរជាតិ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសនិងប្រជាជនទាំងពីរ និងដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងតំបន់និងពិភពលោក៕