ព័ត៌មានជាតិ

កំណាត់ផ្លូវបាក់ស្រុតនៅមណ្ឌលគិរី អាចជួសជុលឡើងវិញ ឬធ្វើលើគន្លងផ្លូវវាងថ្មី

រូបភាពពី៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

ភ្នំពេញ ៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា សម្រាប់កំណាត់ផ្លូវបាក់ស្រុតនៅខេត្តមណ្ឌលគិរី ដែលបណ្តាលមកពីកត្តាភ្លៀងធ្លាក់ជាប់ៗគ្នា នាំឲ្យមានទឹកហូរច្រោះដាច់ដីនោះអាចមានជម្រើស២យ៉ាង គឺការជួសជុលឡើងវិញលើគន្លងផ្លូវចាស់ និងសិក្សាពិនិត្យលទ្ធភាពសាងសង់លើគន្លងផ្លូវវាងថ្មីតែម្តង ខណៈក្រោយបាក់ស្រុតលើកំណាត់ផ្លូវនេះរួចមក ក្រុមអាជ្ញាធរពាក់ព័ន្ធបានធ្វើផ្លូវវាងសម្រាប់ឲ្យពលរដ្ឋឆ្លងកាត់ ។

បន្ទាប់ពីបាក់ស្រុតកាលពីរាត្រីថ្ងៃ១ សីហា មក លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល នៅព្រឹកថ្ងៃ៨ សីហានេះ បានដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យស្ថានភាព និងការងារបច្ចេកទេសបន្ថែមលើផ្លូវវាង នៃកំណាត់ផ្លូវជាតិលេខ៧៦ដែលរអិលបាក់ត្រង់ចំណុចអូរងើយ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

នាឱកាសនោះ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានថ្លែងថា «បាតុភូត នៃការរអិលបាក់ដីនេះ បណ្តាលមកពីកត្តាភ្លៀងធ្លាក់ជាប់ៗគ្នាច្រើនដែលនាំឲ្យមានទឹកហូរច្រោះដាច់ដីខាងក្រោមផ្លូវ។ បន្ទាប់ពីការពិនិត្យស្ថានភាពជាក់ស្តែង កំណាត់ផ្លូវនេះអាចនឹងត្រូវសិក្សាលើកគម្រោងជួសជុល ដោយមានពីរជម្រើសគឺ ៖ ជួសជុលឡើងវិញលើគន្លងផ្លូវចាស់ និងសិក្សាពិនិត្យលទ្ធភាពសាងសង់លើគន្លងផ្លូវវាងថ្មីនេះតែម្តង»។

លោកបន្ដថា ជម្រើសក្នុងការជួសជុល នឹងពិនិត្យសម្រេចបន្ទាប់ពីឆ្លងកាត់ការពិភាក្សាលម្អិត និងស៊ីជម្រៅ ទាំងផ្នែកបច្ចេកទេសពាក់ព័ន្ធ និងផ្នែកហិរញ្ញវត្ថុ។ លោកទេសរដ្ឋមន្ដ្រី រំលឹកថា គិតចាប់ពីពេលស្ថាបនារួចមក មានរយៈពេលជាង១២ឆ្នាំហើយ ផ្លូវជាតិលេខ៧៦នេះ មិនធ្លាប់មានការខូចខាតដែលតម្រូវឲ្យមានការជួសជុលម្តងណាទេ ហើយតែងតែទទួលបានការថែទាំជាប្រចាំរហូតមក។

សូមបញ្ជាក់ថា នៅយប់ថ្ងៃទី១ សីហា ២០២៣ កំណាត់ផ្លូវជាតិនៅត្រង់ចំណុចអូរងើយ ស្ថិតក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ត្រូវបានផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ដោយសារការរអិលបាក់ដី ចន្លោះ PK94+080 – PK94+150 និងបន្តមានស្នាមប្រេះបន្ថែមនៅថ្ងៃបន្ទាប់ ដែលសរុបការខូចខាតមានប្រវែង១៦៦ម៉ែត្រ (រអិលបាក់ដី ៧០ម និងស្នាមប្រេះ៩៦ម)។ ដោយទទួលបានអនុសាសន៍ណែនាំពី លោកទេសរដ្ឋមន្ត្រី និងមានការចូលរួមសហការយ៉ាងសស្រាក់សស្រាំ ពីសំណាក់រដ្ឋបាលខេត្តមណ្ឌលគិរី ក្រុមការងារអន្តរក្រសួង អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេស មន្ទីរសាធារណការ ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ធ្វើផ្លូវវាងប្រវែង១ ០០០ម៉ែត្រ ត្រូវបានរៀបចំស្ថាបនាជាបន្ទាន់ ដោយមានការឈូសឆាយ ចាក់ថ្មម៉ិច និងកៀរកិនបង្ហាប់ ដើម្បីភ្ជាប់ចរាចរណ៍ឡើងវិញ។ គិតត្រឹមថ្ងៃ៨ សីហានេះ ចរាចរណ៍ត្រូវបានតភ្ជាប់ឡើងវិញ អនុញ្ញាតឲ្យមានការឆ្លងកាត់ជាបណ្តោះអាសន្នហើយ៕

To Top