ព័ត៌មានជាតិ

លោក សុខ ឥសាន ៖ គម្រោងជំនួបសម្តេចតេជោ ជាមួយសមាជិករដ្ឋាភិបាល ចាស់-ថ្មី អាចជាការណែនាំពីរបៀបធ្វើការ

រូបភាព៖ ដើមអម្ពិល

ភ្នំពេញ ៖ សម្រាប់គម្រោងជំនួបដែលនឹងធ្វើនៅថ្ងៃ ៨ សីហា ស្អែកនេះ រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីចាំផ្ទះ ជាមួយក្រុមសមាជិក សមាជិការាជរដ្ឋាភិបាលទាំងក្នុងអាណត្តិចាស់ទាំងអាណត្តិថ្មី បើផ្អែកតាមការសន្និដ្ឋានរបស់ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា អាចជាសម្តេចណែនាំ ឬផ្តល់បទពិសោធន៍នានាដែលសម្តេចបានឆ្លងកាត់ ក្នុងតំណែងកំពូលៗរបស់កម្ពុជាជិត៤០ឆ្នាំមកនេះ ផ្តល់ទៅពួកគេ

គម្រោងនៃការជួបរបស់សម្តេចតេជោ នឹងធ្វើឡើងនៅវិមាន៧មករា ហើយក៏ធ្វើមុនសម័យប្រជុំរដ្ឋសភាជាលើកដំបូងក្នុងនីតិកាលទី៧ រដ្ឋសភា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ខាងមុខផងដែរ ក្រោយសម្តេចតេជោជាឪពុកបានប្រកាសផ្ទេរតំណែងជានាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជា ទៅឲ្យលោកបណ្ឌិតហ៊ុន ម៉ាណែត ។

លោក សុខ ឥសាន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៩ សីហាថា ក្នុងជំនួបដ៏កម្រនេះលោកក៏មិនបានដឹងអ្វីច្បាស់លាស់ជាមុនដែរ ព្រោះសម្តេចមិនបានទម្លាយពីកម្មវត្ថុនៃការជួបសំណេះសំណាលនោះទេ តែលោកបានដាក់ការសន្និដ្ឋានថា គ្មានអ្វីក្រៅពីការផ្តល់បទពិសោធន៍ដែលសម្តេចបានជួបប្រទះទៅកាន់ក្រុមសមាជិករដ្ឋាភិបាលទាំងចាស់ ទាំងថ្មីនោះទេ ។

ដោយលោកគូសបញ្ជាក់ថា “តែខ្ញុំយល់ថា គ្មានអ្វីពីរឿងណែនាំ ផ្តល់បទពិសោធន៍នៃការដឹកនាំនៅក្នុងនីតិកាលទី៦ ដើម្បីឲ្យរាជរដ្ឋាភិបាលនីតិកាលទី៧ ត្រៀមលក្ខណៈដើម្បីអនុវត្តទៅតាមលំនាំនៃការបន្ត វេនពីរដ្ឋាភិបាលនីតិកាលទី៦ទេ” ។

សូមបញ្ជាក់ថា កាលពីថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ ព្រះមហាក្សត្រកម្ពុជាក៏បានចេញព្រះរាជក្រឹត្យចាត់តាំងលោកបណ្ឌិត ហ៊ុន ម៉ាណែតជានាយករដ្ឋមន្រ្តី នៃនីតិកាលទី៧ ។ មួយថ្ងៃបន្ទាប់ពីការចាត់តាំងរួចមក នៅថ្ងៃអង្គារ៍ម្សិលមិញនេះដែរ ព្រះមហាក្សត្រក៏បានផ្តល់គោរមងាកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុតនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនលោកបណ្ឌិត ហ៊ុន ម៉ាណែត ជា «កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់៕

To Top