ភ្នំពេញ៖ ក្រោយផ្ទុះការរិះគន់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នេះអាជ្ញាធរបានចុះរុះរើស្លាកផ្សាយពាណិជ្ជកម្មល្បែងនៅលើផ្លូវជាតិលេខ៥ ទល់មុខគយ និងរដ្ឋាករប៉ោយប៉ែត រួចរាល់ហើយ។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ រដ្ឋបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា «នៅម៉ោង២រសៀលនេះ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្រុមការងារបានចុះរុះរើស្លាកផ្សាយពាណិជ្ជកម្មនៅលើផ្លូវជាតិលេខ៥ ទល់មុខគយ និងរដ្ឋាករប៉ោយប៉ែត រួចរាល់ហើយ បន្ទាប់ពីផ្ទុះការមិនពេញចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើន»។
រដ្ឋបាលក្រុង បញ្ជាក់ថា ការដាក់ស្លាកនេះ ពុំមានច្បាប់អនុញ្ញាត ស្នើពីអាជ្ញាធរមានសមត្ថកិច្ចណាមួយឡើយ ។ រដ្ឋបាលក្រុង ប្រកាសទទួលយករាល់មតិរិះគន់ ដើម្បីស្ថាបនាពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់៕



