ភ្នំពេញ៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ខណ្ឌចំការមន នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ បានរៀបចំសំណុំរឿង បញ្ជូនអ្នកបើកបរម៉ូតូកង់បីបញ្ច្រាសទិស ហើយមានបំណង បង្កហិង្សាដោយប្រើដែកទីប ចង់វាយទៅលើអ្នកបើកបររថយន្ត ទៅសាលាដំបូងរាជានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ពីបទប៉ុនប៉ងហិង្សា និងបើកបរល្មើសច្បាប់ចរាចរណ៍ ។នេះបេីយោងតាមគេហទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

សូមរំលឹកថា បន្ទាប់ពីបានឃើញវីដេអូ នៅលើបណ្តាញសង្គមភ្លាម ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាល រាជធានីភ្នំពេញ បានដាក់បទបញ្ជា ដល់សមត្ថកិច្ចត្រូវធ្វើការស្រាវជ្រាវ រកអ្នកបើកបរម៉ូតូកង់បី បញ្ច្រាសទិស ដែលមានបំណងប្រើដែកទីប វាយមកលើអ្នកបើកបរ រថយន្តនោះឲ្យឃើញ ។

ដោយអនុវត្តតាមបទបញ្ជា កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានធ្វើការសហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានធ្វើការឃាត់ខ្លួនបុរសម្នាក់បើកបរកង់បីឥណ្ឌា (ផាសអាប) ដែលបើកបរបញ្ច្រាសទិស នៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រួចក៏មានជម្លោះប្រកែកគ្នា រវាងអ្នកបើកបរកង់បីឥណ្ឌា ជាមួយអ្នកបើកបររថយន្ត ដោយអ្នកបើកបរកង់បីឥណ្ឌា មានបំណងប្រើប្រាស់ដែកទីប វាយទៅលើម្ចាស់រថយន្ត និងអ្នករួមដំណើរទៀតផង ។

ក្រោយកើតហេតុ ដោយទទួលបទបញ្ជាឧត្តមសេនីយ៍ឯក ស ថេត កម្លាំងចំរុះបានធ្វើការសហការគ្នាជាមួយ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ស្រាវជ្រាវរហូតឃាត់ខ្លួនម្ចាស់កង់បីឥណ្ឌា (ផាសអាប)ខាងលើ ដើម្បីយកមកសួរនាំ និងអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕



