ព័ត៌មានជាតិ

លោក ចម ប្រសិទ្ធ ស្នើមន្ត្រីក្រសួងឧស្សាហកម្ម សាមគ្គីផ្ទៃក្នុង ដើម្បីគាំទ្រ រដ្ឋមន្ត្រីថ្មី ឱ្យសម្រេចលទ្ធផល ជូនជាតិមាតុភូមិ

ភ្នំពេញ៖ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ក្រសួងទាំងអស់ សាមគ្គីផ្ទៃក្នុងដើម្បីគាំទ្រ លោករដ្ឋមន្ត្រីថ្មី ឱ្យសម្រេចបានលទ្ធផលត្រចះត្រចង់ សម្រាប់ជាតិមាតុភូមិកម្ពុជា។

ការស្នើរបស់លោក ចម ប្រសិទ្ធ បែបនេះធ្វើឡើង ក្នុងឱកាសដែលលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ថ្មី រៀបចំពិធីថ្លែងអំណរគុណជូនចំពោះរូបលោក នាថ្ងៃទី ២៥ សីហា ២០២៣ ដែលមានការចូលរួមថ្នាក់ដឹកនាំក្រសួងប្រមាណ ១៥០ នាក់ ក្នុងបរិយាកាសស្និតស្នាលក្រៃលែង ។

ក្នុងឱកាសនោះលោកកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងថា លោកមានមោទនភាពដែលបានបន្សល់ទុកនូវសមិទ្ធិផលសំខាន់ៗជូនថ្នាក់ដឹកនាំជំនាន់ក្រោយ ជាពិសេសបានបណ្តុះបណ្តាលមន្ត្រី ដែលមានសមត្ថភាពខ្ពស់ ដើម្បីបន្តកិច្ចអភិវឌ្ឍស្ថាប័ន ឱ្យកាន់តែរីកចំរើនបន្ថែមទៀត។ ឯកឧត្តមបានសម្តែងការអបអរសាទរ ចំពោះលោក ហែម វណ្ណឌី ដែលបានទទួលតួនាទី និង ភារកិច្ចដ៏សំខាន់នេះបន្តពីលោក។

លោកកិត្តិសេដ្ឋាបណ្ឌិត ក៏បានកោដសរសើរចំពោះសមិទ្ធផលការងារនានា របស់លោក ហែម វណ្ណឌី ជាពិសេសនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយជឿ ជាក់លើសមត្ថភាពដឹកនាំរបស់លោករដ្ឋមន្ត្រីថ្មី ព្រមទាំងបានស្នើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួងទាំងអស់ សាមគ្គីផ្ទៃក្នុង ដើម្បីគាំទ្រលោករដ្ឋមន្ត្រី ឱ្យសម្រេចបានលទ្ធផលត្រចះត្រចង់ សម្រាប់ជាតិមាតុភូមិកម្ពុជា។

លោក ហែម វណ្ណឌី បានថ្លែងថា លោក និងថ្នាក់ដឹកនាំក្រសួងនឹងចងចាំកាយវិការ និងគុណធម៌របស់ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត នៅក្នុងក្រអៅបេះដូង ហើយនឹងខិតខំប្រឹងប្រែងប្រើប្រាស់ឱ្យអស់សក្តានុពល និងកម្លាំងបញ្ញាញាណ ដើម្បីបង្កើតសមិទ្ធផលថ្មីៗ និងសម្រេចឱ្យបាននូវគោលនយោបាន និងផែនការសកម្មភាពនានា នៃយុទ្ធសាស្ត្របញ្ជកោណ ដំណាក់កាលទី ១ ក្រោមការដឹកនាំរបស់កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

សូមបញ្ជាក់ថា អតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ នឹងទៅកាន់តួនាទីជាសមាជិករដ្ឋសភា ៕

To Top