ព័ត៌មានជាតិ

អគ្គនាយកដ្ឋានពន្ធនាគារ គ្រោងបង្កើតក្រុមទណ្ឌិតគំរូ ក្នុងពន្ធនាគារ ដើម្បីកាត់បន្ថយបទល្មើសនានា

រូបភាព អេង ប៊ូឆេង

ភ្នំពេញ ៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកដ្ឋានពន្ធនាគារ បានគ្រោងបង្កើតក្រុមទណ្ឌិតគំរូ នៅក្នុងពន្ធនាគារ ដើម្បីកាត់បន្ថយរាល់បទល្មើសនានា អាចមានឡើងជាយថាហេតុ។

នាឱកាសអញ្ជើញសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ និងមន្ដ្រីអគ្គនាយកដ្ឋានពន្ធនាគារ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ លោកអគ្គនាយក ឈន សាណាត បានថ្លែងថា ដែលហៅថា ទណ្ឌិតគំរូ មានទាំងចំណេះដឹង អត្តចរិត ការស្លៀកពាក់ ការនិយាយស្ដី ដើម្បីសាបព្រោះទៅដល់ទណ្ឌិតផ្សេងៗទៀត។

អគ្គនាយកបន្ថែមថា រាល់បទល្មើសដែលកើតឡើងធំៗក្នុងពន្ធនាគារ គឺផ្ដើមចេញពីការប្រើទូរស័ព្ទ រាប់ទាំងបទល្មើសចរាចរណ៍គ្រឿងញៀន និងនាំជនជាប់ឃុំទៅមន្ទីរពេទ្យ ដើម្បីព្យាបាលជំងឺ។

លោកគូសបញ្ជាក់ថា «ត្រូវយកចិត្តទុកដាក់ និងលុបបំបាច់ឲ្យខានតែបាន គឺប្រព័ន្ធទូរស័ព្ទ ហើយសំណូមពរ និងទទូច ដោយម៉ឺងម៉ាត់ប្រព័ន្ធទូរស័ព្ទនេះ។ ដើម្បីកាត់បន្ថយបទល្មើសក្នុងពន្ធនាគារទៀត យើងតែលើពីបញ្ហានេះ។ ថ្ងៃនេះ ខ្ញុំភ្ជាប់ទៅនឹងមេរៀនដែលបានសិក្សាវាយតម្លៃថា ដើម្បីកាត់បន្ថយបទល្មើសនៅពន្ធនាគារ យើងកសាងក្រុមទណ្ឌិតគំរូ បានសេចក្ដីថា យើងកសាងឲ្យបានក្រុមទណ្ឌិតជាគំរូនេះ»។

លោកអគ្គនាយក ក៏បានណែនាំប្រធានមណ្ឌលពន្ធនាគាររាជធានី-ខេត្ត ត្រូវបង្ការទប់ស្កាត់សកម្មភាពល្មើសរបស់ជនជាប់ឃុំ, យកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាពនៅគ្រប់គោលដៅត្រួតពិនិត្យ និងក្នុងបន្ទប់ឃុំឃាំង, ធ្វើការគ្រប់គ្រងឲ្យបានម៉ត់ចត់ ចំពោះមុខសញ្ញាមេក្លោងជួញដូរគ្រឿងញៀនធំៗ និងប្រភេទបទល្មើសឧក្រិដ្ឋប៉ះពាល់សន្តិសុខជាតិ រួមទាំងមុខសញ្ញាញុះញង់បង្កភាពវឹកវរដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជាពិសេស ជនជាប់ឃុំពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា ដែលមានសមត្ថភាពជំនាញ ក្នុងការប្រព្រឹត្តបទល្មើស និងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន៕

To Top