ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងធ្វើទំនើបកម្មស្ថាប័នខ្លួនដើម្បីពង្រឹងគុណភាព សារព័ត៌មានឲ្យកាន់តែប្រសើរ

រូបថត AKP

ភ្នំពេញ ៖លោក នេត​ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានក្នុងអាណត្តិទី៧បានប្តេជ្ញាធ្វើទំនើបកម្មស្ថាប័ន រដ្ឋបាលទំនើប និងពង្រឹងគុណភាពសារព័ត៌មាននៅកម្ពុជា តាមរយៈការបង្កើតឲ្យមានការបណ្តុះបណ្តាល​វិក្រឹត្យការវិជ្ជាជីវៈសារព័ត៌មានដើម្បីបង្កើតធនធានមនុស្សក្នុងវិស័យនេះ និងពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈដើម្បីធ្វើឲ្យវិស័យសារព័ត៌មាននៅកម្ពុជាកាន់តែល្អប្រសើរថែមទៀត ។

ការថ្លែងរបស់លោក នេត្រ ភក្ត្រា ក្នុងអំឡុងជំនួបពិភាក្សាការងារជាមួយលោក Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំកម្ពុជា កាលពីរសៀលថ្ងៃ៦ កញ្ញា ។ នាឱកាសនោះលោករដ្ឋមន្ត្រីគូសបញ្ជាក់ពីសារៈសំខាន់នៃការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសារព័ត៌មាន ដើម្បីពង្រឹងគុណភាពអត្ថបទ ដែលផ្សព្វផ្សាយជូនសាធារណជន ពោលធ្វើយ៉ាងណាឲ្យអត្ថបទដែលផ្សព្វផ្សាយចេញទៅមានគុណភាព និងផ្តល់ផលប្រយោជន៍ច្រើនសម្រាប់សាធារណជនជាអ្នកអាន និងទស្សនា។ ក្នុងន័យនេះ លោករដ្ឋមន្ត្រី បានថ្លែងថា ក្រសួងព័ត៌មាននឹងរៀបចំបើកវគ្គ បណ្តុះបណ្តាលធនធានមនុស្សលើជំនាញសារព័ត៌មាននេះជូនមន្ត្រីកំពុងបម្រើការងារក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងស្វាគមន៍ផងដែរចំពោះអ្នកសារព័ត៌មាននានាដែលមានបំណងចង់បង្កើនសមត្ថភាពរបស់ខ្លួន ឬបំប៉នបន្ថែមនូវជំនាញ។

ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រីបានថ្លែងទៀតថា ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានត្រឹមត្រូវគឺជាអាវក្រោះការពារអ្នកសារព័ត៌មាន និងធ្វើឲ្យវិស័យសារព័ត៌មានកាន់តែមានការរីកចម្រើន។

រដ្ឋមន្ត្រីក៏បានជម្រាបដល់តំណាងអង្គការយូណេស្កូនៅកម្ពុជាពីអាទិភាពរបស់ក្រសួងព័ត៌មានទាក់ទងនឹងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលជនអគតិមួយចំនួនបានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដើម្បីផ្សព្វផ្សាយបំពុលសង្គម។ ចំណែកលោក Sardar Umar Alam ក៏បានចែករំលែកទស្សនៈជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសន្យាថាចូលរួមសហការជាមួយក្រសួងដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាការពង្រឹងការគោរព និងអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងចូលរួមសហការការងារផ្សេងៗទៀត៕

To Top