កំពង់ចាម ៖ ដើម្បីផ្គត់ផ្គង់ដល់ព្រះសង្ឃ នាឱកាសគង់ចាំព្រះវស្សា នីថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម និងសហការី បាននាំយកបច្ច័យ និងទេយ្យទាន ប្រគេនព្រះសង្ឃ នៅវត្តនាគវ័ន្តសាគរ (ហៅវត្តប៉ុកប៉ែន) ស្ថិតនៅឃុំមានជ័យ ស្រុកស្រីសន្ធរ ។

ពិធីនោះ ក៏មានការអញ្ជើញចូលរួមពី លោកស្រី ជាសមាជិកព្រឹទ្ធសភា និងសមាជិកា អនុសាខាសមាគមនារីស្រុក សប្បុរសជន និងពុទ្ធបរិស័ទចំណុះជើងវត្ត ជាច្រើននាក់ ផងដែរ ។

នាឱកាសនោះ លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា បាននាំយកថវិកា របស់សាខាសមាគមនារីខេត្ត និងសប្បុរសជន ចំនួន ៤.២៦០.០០០រៀល និង ប្រាក់ដុល្លារ ចំនួន ១.៦៣២ដុល្លារ សម្រាប់សាងសង់ព្រះវិហារ ។ ជាមួយនោះ បានប្រគេនបច្ច័យបួនដល់ព្រះសង្ឃ ចំនួន ៧០០.០០០រៀល ប្រគេនព្រះចៅអធិការវត្ត ២៤០.០០០រៀល ព្រះសង្ឃចំនួន ៩អង្គ សរុបបច្ច័យ ៤៥០.០០០រៀល ជូនតាអាចារ្យ ១០០.០០០រៀល ។
ក្រៅពីនោះ លោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋ ដែលចូលរួម សរុប ១០៣ នាក់ ម្នាក់ៗ ទទួលទានសារុង ០១ និងឧបត្ថម្ភ ដល់កងកម្លាំង ថវិកាចំនួន ១០០.០០០រៀល ផងដែរ ។

ឆ្លៀតក្នុងកាសនោះដែរ ក្នុងនាមព្រះចៅអធិការវត្ត នាគវ័ន្តសាគរ(ហៅវត្តប៉ុកប៉ែន) ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា និង សហការី ព្រមទាំង ក្រុមគ្រួសារ ក៏ដូចជា លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្រ្តីរាជការ និងពុទ្ធបរិស័ទ្ធទាំងអស់ សូមសមប្រកបតែសេចក្ដីសុខចំរើន និងជួបប្រទះនូវពុទ្ធពរទាំង បួនប្រការ គឺ ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

គួររំលឹកថា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយមានសារៈសំខាន់ នៅក្នុងព្រះពុទ្ធសាសនា ដែលជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេរ បានរៀនធម៌ និងវិន័យ យ៉ាងខ្ជាប់ខ្លួន តាមពុទ្ធឱវាទ ៕
