ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យអំពីវឌ្ឍនភាព នៃការសាងសង់មន្ទីរពេទ្យកោះធំ ជាមួយសប្បុរសជន និងភាគីពាក់ព័ន្ធ។
បច្ចុប្បន្នភាពចុងក្រោយ នៃការរៀបចំមន្ទីរពេទ្យតេជោសែនកោះធំ ត្រូវបានលើកយកមកបង្ហាញ និងជជែកពិភាក្សាក្នុងអង្គប្រជុំ ដោយក្នុងនោះគិតចាប់ពីការងារតម្លើងសម្ភារបរិក្ខារ ឧបករណ៍បច្ចេកទេស ព្រមជាមួយនឹងការរៀបចំរចនាសម្ព័ន្ធដឹកនាំ សំដៅធ្វើយ៉ាងណាឲ្យមន្ទីរពេទ្យនេះបម្រើបានកាន់តែប្រសើរនូវសេវាសុខាភិបាល ជូនប្រជាពលរដ្ឋក្នុងស្រុកកោះធំ និងអាចក្លាយទៅជាមន្ទីរពេទ្យគំរូល្អមួយផងដែរ។
សូមជម្រាបជូនថា មន្ទីរពេទ្យតេជោសែនកោះធំ មានទីតាំងស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល ដែលត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ព្រមទាំងមានការចូលរួមពីសាស្ត្រាចារ្យ ឈាង រ៉ា សប្បុរសជនក្នុងស្រុក និងក្រៅស្រុកទាំងអស់ រួមសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីបម្រើសុខមាលភាពប្រជាពលរដ្ឋជារួម និងពិសេសម្រាប់អ្នកស្រុកកោះធំ ដោយការសាងសង់នេះចំណាយថវិកាសរុបប្រមាណ ១០លានដុល្លារ។
មន្ទីរពេទ្យនេះមានអគារថ្មីចំនួន៣ខ្នង មានទំហំសរុបស្មើនឹង ១២.៥៤៤,៤ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន១៥០គ្រែ មានបំពាក់ដោយម៉ាស៊ីនត្រជាក់ ប្រព័ន្ធបច្ចេកវិទ្យាទំនើប Hospital Information System (HIS) សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើការព្យាបាល៕