ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវ ដល់ប្រជាពលរដ្ឋទើបគ្រប់អាយុ ១៨ឆ្នាំ មិនទាន់ចុះឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះបានគ្រប់ៗគ្នា នៅតាមសាលាឃុំសង្កាត់ ដែលខ្លួនកំពុងរស់នៅ ។ នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មាន គ.ជ.ប។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ បញ្ជីបោះឆ្នោតចុងក្រោយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោក នុត សុខុម អនុប្រធាន គ.ជ.ប បានគូសបញ្ជាក់ថា «ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ គឺអ្នកកើតមុន ឬត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៦ និងប្រជាពលរដ្ឋដែលគ្រប់អាយុ ១៨ឆ្នាំហើយ ប៉ុន្តែមិនទាន់បានចុះឈ្មោះ បោះឆ្នោត សូមមេត្តាអញ្ជើញ ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ចាប់ ពី ថ្ងៃទី១ ដល់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ នៅតាមសាលាឃុំ សង្កាត់ ឬ/ និងនៅតាមទីតាំងមួយចំនួនក្នុងឃុំ សង្កាត់ ដែលខ្លួនកំពុងរស់នៅ ដើម្បីបំពេញសិទ្ធិជាម្ចាស់ស្រប តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ»។
លោក អនុប្រធាន បន្ដថា ចំពោះប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតពីមុន សូមអញ្ជើញទៅពិនិត្យ ឈ្មោះ និងទិន្នន័យរបស់ខ្លួន ដែលមានបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ ឬតាមគេហទំព័ររបស់គ.ជ.ប voterlist.nec.gov.kh (http://www.voterlist.nec.gov.kh/) និងតាម កម្មវិធីទូរសព្ទ App (NEC KH) ក្រែងមានករណីត្រូវកែតម្រូវឱ្យត្រូវទៅក្នុងបញ្ជីបោះឆ្នោត។

លោក អនុប្រធាន ក៏បានសំណូមពរជាពិសេសដល់គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល ចូលរួមដាក់ភ្នាក់ងារ ឬអ្នកសង្កេតការណ៍ដើម្បី ចូលរួមផ្សព្វផ្សាយជួយ ជំរុញប្រជាពលរដ្ឋ និងជួយពិនិត្យតាមដានមើលដំណើរការនេះ នៅតាមការិយាល័យ ចុះឈ្មោះបោះឆ្នោត ដើម្បីធានាការអនុវត្តដោយរលូន តម្លាភាព និងជោគជ័យ។
ជាមួយគ្នានេះ លោក អនុប្រធាន គ.ជ.ប បានណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាចូលរួមសហការ និងថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ធានាបាននូវសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ព្រមទាំងសូមអំពាវនាវ ដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សូមជួយផ្សព្វផ្សាយ អំពីការងាររៀបចំដំណើរការនេះ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត ៕
