ព័ត៌មានជាតិ

រាជរដ្ឋាភិបាល សម្រេចផ្អាកការផ្តល់សេវារដ្ឋបាល​មួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះបានចេញសេចក្ដីសម្រេចផ្អាកការ​ផ្តល់​សេវារដ្ឋបាលរដ្ឋបាលក្រុង ស្រុក និងខណ្ឌ។ សេចក្តីសម្រេចមានវិសាលភាពទៅ​លើ​អា​ជីវកម្មស្ថិតក្រោមវិស័យវប្បធម៌ និងវិចិត្រសិល្បៈ, វិស័យអប់រំ យុវជន និងកីឡា, វិស័យទេស​ចរណ៍, វិស័យឧស្សាហកម្ម និងសិប្បកម្ម, វិស័យរ៉ែ និងថាមពល, វិស័យពាណិជ្ជកម្ម និងវិស័យកសិកម្ម។

សេចក្ដីសម្រេចនេះធ្វើឡើងបន្ទាប់ពី មានការផ្សព្វផ្សាយព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងការតម្រូវឱ្យស្នើសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម និងបន្តសុពលភាពអាជីវកម្ម នៅការិយាល័យច្រកចេញ-ចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលការណ៍នេះបានបង្កឱ្យមានការព្រួយបារម្ភ ក្នុងចំណោម ប្រជាពលរដ្ឋ ដែលបាន និងកំពុងប្រកបអាជីវកម្ម, មុខរបរ និង ការងារ តូចតាចនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា «ក្រោយពីបានពិភាក្សាជាមួយ ឯឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខ្ញុំបានចេញសេចក្តីសម្រេចផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួន របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធនឹងការបំពេញបែបបទធ្វើអាជីវកម្ម ដូចមានចែងនៅក្នុងសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រី ខាងក្រោមនេះ»។

សម្ដេចនាយករដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា«ទន្ទឹមនេះដែរ, ខ្ញុំក៏សូមឆ្លៀតយកឱកាសនេះបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់បំផុតចំពោះ ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំ យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨ ដែលនឹងត្រូវឱ្យអនុវត្តក្នុងពេលឆាប់ៗខាងមុខ ដើម្បីបង្កលក្ខណៈងាយស្រួល, ព្រមទាំងផ្តល់ប្រយោជន៍, ថែបំប៉ន និងលើកកម្ពស់ការយល់ដឹង ដល់អ្នកប្រកបអាជីវកម្ម, មុខរបរ និងការងារ ដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ»៕

To Top