កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយ លោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុករដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ ដាំដើមឈើ ជាង ២,០០០ ដើម នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៣ នៅភូមិរលួស ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
លោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុករដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានថ្លែងកោតសរសើរចំពោះ អាជ្ញាធរខេត្តកំពង់ចាម ក៏ដូចជាមន្ត្រីជំនាញ ពិតជាធ្វើបានច្រើនក្នុងការចូលរួម ក្នុងសកម្មភាពដាំដើមឈើ នាពេលកន្លងមក ដូចៗជាការដាំដើមឈើតាមបណ្ដោយផ្លូវធំ ផ្លូវតូច តាមវត្តអារាម និងសាលារៀនជាដើម ដែលជាការងារមួយយ៉ាងសំខាន់ ដើម្បីបំផុសចលនា ឱ្យប្រជាពលរដ្ឋយើងចូលរួម ដាំដើមឈើ ចេះស្រឡាញ់ និងចេះថែរក្សា ការពារផងដែរ។
ជាមួយគ្នានោះដែរ លោក កែវ អូម៉ាលីស្ស សន្យា នឹងជួយសហការផ្តល់ដើមឈើបន្ថែមទៀត និងជម្រុញ ក្នុងការដាំដើមឈើ នៅតំបន់ភូមិសាស្ត្រភូមិរលួស ឃុំត្រពាំងព្រះនេះ ឲ្យក្លាយជាតំបន់មានគម្របពំ៏បៃតងនាពេលអនាគត ។
ក្នុងឱកាសនោះដែរ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ក៏ដូចជាភាគីពាក់ព័ន្ធ សូមជួយថែរក្សានៅដើមឈើដែលបានដាំ លើផ្ទៃដី ៣ ហិចតា លើផ្ទៃដីដែលមានទំហំ ៥ ហិចតា នេះ ។
លោកអភិបាលខេត្ត បានបញ្ជាក់ថាដើមឈើ បានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋយើង ពោល តាំងពីពេលកើត រហូតដល់ពេលស្លាប់ គឺត្រូវការការប្រើប្រាស់ឈើទាំងអស់ ។ ដូច្នេះ ប្រជាពលរដ្ឋយើង ត្រូវរួមគ្នាដាំដើមឈើ និងចេះស្រឡាញ់ ថែរក្សា ដើមឈើទាំងអស់គ្នា ៕
By. Kizona


 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																											 
								 
																						 
								 
																						 
								 
																											 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									