ព័ត៌មានជាតិ

លោក វង្សី វិស្សុត ៖ សាលាក្ដីខ្មែរក្រហម បន្សល់ទុកកេរ ដំណែលដ៏ល្អ ក្នុងសង្គមកម្ពុជា

រូបភាព ទីស្តីការ គណៈរដ្ឋមន្រ្តី

ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ របស់រាជរដ្ឋាភិបាល ទទួលបន្ទុកការ អនុវត្តមុខងារ សេសសល់ របស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលារការកម្ពុជា (អ.វ.ត.ក. ) ឬសាលាក្ដីខ្មែរក្រហម បានលើកឡើងថា សាលាក្ដីខ្មែរក្រហម បានបន្សល់ទុកនូវកេរដំណែលដ៏ល្អ នៅក្នុងសង្គមកម្ពុជា ដោយបានចូលរួមចំណែក ពង្រឹងសមិទ្ធផលនៃសន្តិភាព ។

ការលើកឡើងរបស់ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី ខាងលើនេះ ធ្វើឡើងក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវមជ្ឈមណ្ឌលធនធាន និងកម្មវិធីផ្សព្វផ្សាយជាស៊េរី របស់ អ.វ.ត.ក. នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ដែលមានការចូលរួមពី ឯកអគ្គរដ្ឋទូតប្រទេសបារាំង ជប៉ុន អ្នកសម្របសម្រួល អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា និងអ្នកសម្របសម្រួល ភាគីអន្តរជាតិ នៃ អ.វ.ត.ក.។

ក្នុងឱកាសនោះ លោក វង្សី វិស្សុត បានលើកឡើងថា ក្រោយពីបានបញ្ចប់ ដំណើរការកាត់ក្តីប្រកបដោយជោគជ័យ កាលពីចុងឆ្នាំ២០២២ និងដោយមានការគាំទ្រ និង ទទួលស្គាល់ ពីសហគមន៍អន្តរជាតិ អ.វ.ត.ក. បានបន្សល់ទុក នូវកេរដំណែលដ៏ល្អ នៅក្នុងសង្គមកម្ពុជា ដោយបានចូលរួម ចំណែកពង្រឹងសមិទ្ធផលនៃសន្តិភាព, ការផ្សះផ្សាជាតិ, ការ ស្វែងរកការពិត ការពង្រឹងនីតិរដ្ឋ ការផ្ដល់យុត្តិធម៌ ជូនជនរងគ្រោះ និងបញ្ចប់នូវវប្បធម៌ និទណ្ឌភាព ចំពោះឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នង ដែលបានសម្លាប់រង្គាល នូវជីវិត ប្រជាជនកម្ពុជា ជាង៣លាននាក់ ព្រមទាំងការលើកកម្ពស់ដល់ការចងចាំ និងការទប់ស្កាត់ការ វិលត្រលប់មកវិញ នៃរបបដ៏សាហាវយង់ឃ្នងនេះ។

លោក វង្សី វិស្សុត បានបញ្ជាក់ថា ជាមួយនឹងធនធាន នៃ សំណុំរឿង ដែលមានបទពិសោធន៍យ៉ាងច្រើន និងយុត្តិសាស្ត្រនានា ដែលទទួលបានពីដំណើរការ កាត់សេចក្តីរបស់ អ.វ.ត.ក. កម្ពុជា ក៏បានចែករំលែកទៅថ្នាក់តំបន់ និងអន្តរជាតិផងដែរ តាមរយៈ ការផ្ទេរ ចំណេះ ដឹង, ចំណេះធ្វើ, និងបទពិសោធន៍ពី អ.វ.ត.ក. ស្រប តាម ទិសដៅ ប្រែក្លាយ កម្ពុជា ពីប្រទេស ធ្លាប់រៀនសូត្រពីគេ ទៅជាប្រទេសដែលគេមករៀនសូត្រវិញម្តង។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងយ៉ាង ដូច្នេះថា «ខ្ញុំគិតថា នេះជាជោគជ័យរួម របស់រាជរដ្ឋាភិបាល អង្គការសហប្រជាជាតិ និងសហគមន៏អន្តរជាតិ ដែលបានធ្វើឱ្យសាលាក្តីកូនកាត់នេះ ក្លាយជាតុលាការគំរូមួយ សម្រាប់ឱ្យប្រទេសនានា ក្នុងតំបន់ និងសកលលោកសិក្សា និងយកធ្វើជាគំរូ ក្នុងការបង្កើតតុលាការ វិនិច្ឆ័យទោសចំពោះឧក្រិដ្ឋកម្មធ្ងន់ធ្ងរនាពេលអនាគត ក្នុងបុព្វហេតុស្វែងរកសន្តិភាពក្រោយសង្គ្រាម ឬជម្លោះរ៉ាំរ៉ៃផ្ទៃក្នុង»។

លោក វង្សី វិស្សុត បានបន្តទៀតថា ទោះបីជាដំណើរការជម្រះក្ដីរបស់ អ.វ.ត.ក. ត្រូវបាន បិទបញ្ចប់ជាស្ថាពរក្ដី តែរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ បានបន្តផ្ដល់ការគាំទ្រ ដល់ការអនុវត្តការងារសេសសល់ របស់ អ.វ.ត.ក. ដោយអនុលោមតាម «កិច្ចព្រមព្រៀងបន្ថែម ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងារ របស់អង្គជំនុំជម្រះវិសាមញ្ញ» ដែលបានឯកភាពគ្នាកាលពីឆ្នាំ២០២១ រួមមាន ការងារគតិយុត្តិ មួយចំនួន, ការថែរក្សាទុកនិង ការគ្រប់គ្រងបណ្ណសារ នៃសំណុំរឿងទាំងអស់ តាមស្តង់ដារអន្តរជាតិ និងការផ្សព្វផ្សាយព័ត៌មាន ឱ្យបានទូលំទូលាយដល់សាធារណជន ក្នុងនោះរួមទាំងការបង្កើតឱ្យមាន «មជ្ឈមណ្ឌលធនធានរបស់ អ.វ.ត.ក.» ក្នុងគោលបំណងថែរក្សា និង លើក កម្ពស់កេរដំណែល ពាក់ព័ន្ធនឹងបណ្ណសារ នៃអង្គជំនុំគម្រះរបស់សាលាក្ដីខ្មែរក្រហម ដើម្បី អនុញ្ញាតឱ្យសាធារណជនអាចចូលមើល និងសិក្សាស្វែងយល់ ពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត របស់កម្ពុជា ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលធនធាននេះ មានសមាសភាគសំខាន់ៗ ចំនួន៦ រួមមាន ទី១. បណ្ណាល័យ និងកន្លែងស្រាវជ្រាវ ទី២. គេហទំព័រថ្មី ដែលកំពុងកែលម្អ និងធ្វើបច្ចុប្បន្នភាព, ទី៣. និហិតដ្ឋានបណ្ណសារ (Archives Repository), ទី៤. បន្ទប់ ប្រើប្រាស់ ពហុ បំណង សម្រាប់ រៀបចំសិក្ខាសាលានិងតុលាការត្រាប់(Moot Court), ទី៥. បន្ទប់ពិគ្រោះយោបល់ និងតាំងពិព័រណ៍, និងទី៦. ឧទ្យានសម្រាប់ការចងចាំ។

ក្នុងចំណោមសមាសភាគសំខាន់ៗ ខាងលើ បណ្ណាល័យ និងកន្លែងស្រាវជ្រាវ នៃមជ្ឈម ណ្ឌល ធនធានរបស់ អ.វ.ត.ក. ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរ កាលពីចុងខែឧសភា ឆ្នាំ២០២៣ និងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីសាធារណជន សិស្សនិស្សិត និងអ្នកស្រាវជ្រាវជាតិ-អន្តរជាតិ អំឡុងពេលដំណើរការ សាកល្បងនាពេលកន្លងមក។

ជាងនេះទៅទៀត ការដាក់ផ្សព្វផ្សាយ ជាសាធារណៈនូវកម្មវិធីវីដេអូខ្លីអប់រំ និងផ្សព្វផ្សាយជាស៊េរីរបស់ អ.វ.ត.ក. ដែល ដកស្រង់ ចេញពីឯកសារកំណត់ត្រា និងបណ្ណសារពាក់ព័ន្ធ នឹងដំណើរការកាត់សេចក្តី របស់សាលាក្តីខ្មែរក្រហម ក៏នឹងក្លាយជាផ្នែកមួយដ៏សំខាន់ នៃការងារផ្សព្វផ្សាយ និងសម្មភាពអប់រំក្នុងគោលដៅរំឭក ការចងចាំជាប្រវត្តិសាស្ត្រ ដល់យុវជនជំនាន់ក្រោយ អំពីរឿងរ៉ាវដែលបានកើតមានឡើង ក្នុងរបបខ្មែរក្រហម តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ដូចជា Facebook, Telegram, YouTube, TikTok, Instagram, និងតាមប្រព័ន្ធទូរទស្សន៍ផងដែរ៕

To Top