បន្ទាយមានជ័យ ៖ អនុវត្តតាមបទបញ្ជា នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ការចង្អុលបង្ហាញរបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ បានឲ្យនគរបាលចរាចរណ៍ទូទាំងខេត្ត ត្រូវចុះផ្សព្វផ្សាយណែនាំ ដល់អ្នកបើកបរ យានយន្តគ្រប់ប្រភេទ និងប្រជាពលរដ្ឋ អំពីច្បាប់ចរាចរណ៍ផ្លូវគោក សំដៅធ្វើយ៉ាងណា ឲ្យមានគ្រោះថ្នាក់កម្រិតទាបបំផុត ។
នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរង ផែនការងារសណ្តាប់ធ្នាប់ លោកវរសេនីយ៍ឯក គី មករា នាយការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោគ បានបន្តដឹកនាំកម្លាំងចុះផ្សព្វផ្សាយច្បាប់ ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស អ្នកដំណើរ តាមដងផ្លូវឲ្យយល់ដឹងបន្ថែម មុនអនុវត្តរឹតបន្តឹងច្បាប់ និងចាប់ផាកពិន័យឆាប់ៗខាងមុខនេះ។
ក្រៅពីចុះអនុវត្តផ្សព្វផ្សាយផ្ទាល់ តាមដងផ្លូវសាធារណ: នគរបាលយើងក៏បាន ផ្សព្វផ្សាយព័ត៌មានតាម បណ្តាញសង្គមហ្វេសប៊ុក និងបានចាត់តាំង លោកវរ:សេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក និងក្រុមការងារធ្វើជាវគ្មិន ផ្សព្វផ្សាយនិងបកស្រាយសំនួរ-ចម្លើយ ចម្ងល់ផ្សេងៗ របស់ប្រជាពលរដ្ឋ តាមស្ថានីយ៍វិទ្យុផងដែរ ។
ជាមួយនេះ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស អ្នកបើកបរយានយន្តគ្រប់ប្រភេទ ដែលកំពុងប្រើប្រាសផ្លូវទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានគ្រប់ៗគ្នា ដើម្បីសុវត្ថិភាពចរាចរណ៍ ត្រូវចាប់ផ្ដើមពីខ្លួនយើងម្នាក់ៗ រួមគ្នាទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឲ្យមានប្រសិទ្ធភាពខ្ពស់៕