ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី​កម្ពុជា-ថៃ ជឿជាក់ថា កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត

រូបភាព៖ នាយករដ្ឋមន្ត្រីកម្ពុជា

ភ្នំពេញ ៖ ក្នុងជំនួបរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្តីថៃ ប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ បន្តពិភាក្សា និង សហការគ្នា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ទទួលបានផ្លែផ្កា សម្រាប់ជាឧត្តមប្រយោជន៍ទាំងសងខាង ។

លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្តីថៃ និងគណៈប្រតិភូជាន់ខ្ពស់ បានមកបំពេញ ទស្សនកិច្ចផ្លូវការ​ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានទទួលបដិសណ្ឋាកិច្ច យ៉ាងកក់ក្តៅ និងបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូន​គណៈប្រតិភូជាន់ខ្ពស់ មកកាន់ព្រះរាជាណាចក្រកម្ពុជា និង ចំពោះការជ្រើសរើសកម្ពុជា ជាប្រទេសដំបូង សម្រាប់ការបំពេញទស្សនកិច្ចផ្លូវការរបស់លោក ក្នុងនាមជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ ។

សម្តេចធិបតី ក៏បានសម្តែងនូវការអបអរសាទរជាថ្មីម្តងទៀត ជូនចំពោះ លោក សេដ្ឋា ថាវីស៊ីន ដែលត្រូវបានជ្រើសតាំង​​ ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ នៅថ្ងៃតែមួយ ស្របគ្នាទៅនឹងការជ្រើសតាំង ជានាយករដ្ឋមន្រ្តីរបស់ សម្តេចធិបតីផងដែរ ។

ក្នុងជំនួបដែលធ្វើឡើង នៅវិមានសន្តិភាពនេះ ប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានពិភាក្សាគ្នា ដោយយកចិត្តទុកដាក់ និង ដោយស្និទ្ធស្នាល អំពីវិស័យនៃកិច្ចសហការទ្វេភាគីកម្ពុជា-ថៃ ដែលមានភាពសម្បូរបែប និងទូលំទូលាយ ។ កិច្ចពិភាក្សាបានផ្តោតជាសំខាន់​ ទៅលើវិស័យគន្លឹះ ដោយរាប់ចាប់ពី វិស័យពាណិជ្ជកម្ម, វិនិយោគ, ទេសចរណ៍, ការអប់រំ, ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ, កិច្ចការទូត, ទំនាក់ទំនងធុរកិច្ច, ទំនាក់ទំនង ប្រជាជន និង ប្រជាជន, ការតភ្ជាប់ រវាងប្រទេសទាំងពីរ តាមផ្លូវអាកាស, ផ្លូវរថភ្លើង និង ផ្លូវថ្នល់, សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង, កិច្ចការពាក់ព័ន្ធនឹង អន្តោប្រវេសន៍ រហូតដល់វិស័យសន្តិសុខឆ្លងដែននិង សន្តិសុខអនឡាញ ។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ បន្តពិភាក្សា និង សហការគ្នា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការ កម្ពុជា-ថៃ ទទួលបានផ្លែផ្កា សម្រាប់ជាឧត្តមប្រយោជន៍ទាំងសងខាង ។

ក្នុងនោះផងដែរ ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ទៅវិញទៅមក និងមានជំនឿដ៏មុតមាំថា កិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ដែលនឹងកាន់តែរីកចម្រើន និងរឹងមាំថែមទៀត ៕

To Top