ព័ត៌មានជាតិ

កម្ពុជា-ថៃ នឹងបង្កើនពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែន ឲ្យសម្រេចបាន ទំហំ១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២៥

រូបភាពពី៖​ STPM

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ដ្រីថៃ បានឯកភាពគ្នា លើការបង្កើនទំហំពាណិច្ចកម្ម ឲ្យសម្រេចបាន ក្នុងទំហំ១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២៥ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្ដីពី«កម្ពុជា និងថៃ នឹងពង្រីកបន្ថែមទៀត នូវភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព» របស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី២៨ កញ្ញា បានឲ្យដឹងថា “ភាគីទាំងពីរ (កម្ពុជា-ថៃ) បានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់ នៃការបង្កើនបន្ថែមទៀត នូវទំហំពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក “។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងនោះភាគីទាំងពីរបានឯកភាព នឹងណែនាំអាជ្ញាធរពាក់ព័ន្ធ ពន្លឿនការ ចរចាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពី ទំនិញឆ្លងកាត់ រវាងកម្ពុជានិងថៃ ដើម្បីដោះស្រាយបញ្ហាសេសសល់ ពាក់ព័ន្ធនឹងទំនិញដឹកជញ្ជូនឆ្លងកាត់ ពីប្រទេសទីបី។

ក្រសួងការបរទេសខ្មែរបញ្ជាក់ថា “នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពប្រគល់ភារកិច្ច ឱ្យអាជ្ញាធរពាក់ព័ន្ធ ប្រើប្រាស់យន្តការមានស្រាប់ ប្រកបដោយប្រសិទ្ធភាព និងរិះរកនូវកាលានុវត្តភាព ប្រកបដោយសក្តានុពលបន្ថែម ដើម្បីបង្កើនទំហំពាណិជ្ជកម្មឆ្លងកាត់ព្រំដែន សំដៅសម្រេចបាន នូវគោលដៅពាណិជ្ជកម្ម ទំហំ១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២៥”៕

To Top