ភ្នំពេញ៖ អាជ្ញាធរមីន បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន ពង្រឹងវិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ (មីន និងសំណល់ជាតិផ្ទុះពីសង្គ្រោម) ក្នុងពេល និងក្រោយពេលគ្រោះទឹកជំនន់។
តាមរយៈសេចក្ដីជូនដំណឹងរបស់អាជ្ញាធរមី នាថ្ងៃទី១ តុលា បានឲ្យដឹងថា ក្នុងពេល និងក្រោយពេលទឹកជំនន់ មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមមួយចំនួន អាចត្រូវបានប្រទះឃើញដោយសារការហូរច្រោះដី ឬហូរតាមខ្សែទឹកផ្សេងៗ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ប្រជាពលរដ្ឋជាយថាហេតុ ជាពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅ ក្នុងតំបន់ដែលរងផលប៉ះពាល់។
អាជ្ញាធរមីនបញ្ជាក់ថា «សូមធ្វើការណែនាំដល់ប្រតិបត្តិករបោសសម្អាតមីន និងអប់រំកាត់បន្ថយគ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងគណៈកម្មាធិការសកម្មភាពមីនខេត្ត-រាជធានី ព្រមទាំងអំពាវនាវដល់ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងអប់រំ យុវជន និងកីឡា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ចូលរួមសហការអនុវត្តនូវវិធាន ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលអាចមកជាមួយទឹកជំនន់ ដោយសារការហូរច្រោះដីរ សាត់មកពីតំបន់ដែលមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម»។
អាជ្ញាធរមីបន្ដថា ណែនាំឲ្យប្រជាពលរដ្ឋរាយការណ៍ មកអាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំ ឬប្រតិបត្តិករបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលនៅក្បែរនោះជាបន្ទាន់ នៅពេលប្រទះឃើញមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ។ ព្រមទាំងរៀបចំខ្លឹមសារផ្សព្វផ្សាយ និងផលិតជាសម្ភារអប់រំស្តីពី គ្រោះថ្នាក់ដែលអាចបង្កឡើងដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងពេល និងក្រោយពេលទឹកជំនន់សម្រាប់ផ្តល់ជូន ភ្នាក់ងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបណ្ដាញមីន ស្ម័គ្រចិត្ត សហគមន៍ លោកគ្រូ អ្នកគ្រូ ដើម្បីជាមធ្យោបាយសម្រាប់អប់រំដល់ប្រជាពលរដ្ឋ ក្នុងតំបន់រងគ្រោះដោយសារទឹកជំនន់។
សូមបញ្ជាក់ថា តាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក កម្ពុជាកំពុងទទួលរងនូវឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើអាងមេគង្គ ថៃ និងឡាវ ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿន ខ្សោយ បានធ្វើឲ្យមានភ្លៀងធ្លាក់ពីតិចទៅបង្គួរជាបន្តបន្ទាប់ ដែលធ្វើឲ្យរាជធានី-ខេត្តមួយចំនួនរងឥទ្ធិពលទឹកភ្លៀង និងអាចបង្កជាទឹកជំនន់៕