ភ្នំពេញ ៖លោកឧត្ដមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង ប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា បានប្រាប់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពីការប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃកម្ពុជា ក្រោមស្មារតីកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម។
ក្នុងជំនួបជាមួយលោកអភិសន្តិបណ្ឌិត ស សុខា នាថ្ងៃទី២ខែ តុលា ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ត្រី ក៏បានស្នើសុំការគាំទ្រដើម្បីពង្រឹង និងពង្រីកនូវកិច្ចសហការឱ្យកាន់តែមានប្រសិទ្ធភាព រវាងស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំនៅកម្ពុជា និងបណ្ដាអង្គភាពមានសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា។
ជាកិច្ចឆ្លើយតប លោកអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ និងគាំទ្ររាល់កិច្ចសហប្រតិបត្តិការនានារវាងប្រទេសទាំងពីរក្នុងនាមរដ្ឋអធិបតេយ្យ និងជាសមាជិកអាស៊ានដូចគ្នា។
ទន្ទឹមនេះដែរ លោកអភិសន្តិបណ្ឌិត ក៏សម្ដែងការសោកស្ដាយចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ចំពោះអគ្គិភ័យឆាបឆេះខុនដូមួយកន្លែងក្នុងរដ្ឋធានីហាណូយ ដែលបណ្ដាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់កាលពីពេលថ្មីៗនេះផងដែរ៕



