ព័ត៌មានជាតិ

ទូតប៉ាគីស្ថាន អញ្ជើញសម្តេចធិបតី បំពេញទស្សនកិច្ច និងស្នើសុំឲ្យបង្កើតទូតកម្ពុជា ប្រចាំប្រទេសខ្លួន

ភ្នំពេញ ៖ លោក ហ្សាហៀរូឌីន បាបា ថាហ៊ីម ឯកអគ្គរដ្ឋទូតអ៊ីស្លាម ប៉ាគីស្ថាន ប្រចាំកម្ពុជា បានអញ្ជើញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅអ៊ីស្លាមប៉ាគីស្ថាន និងស្នើសុំឲ្យមានការ បង្កើតស្ថាន ឯកអគ្គរាជទូតកម្ពុជា ប្រចាំប៉ាគីស្ថាន ដើម្បីជួយសម្រួល ដល់យន្តការផ្សេងៗ ជាពិសេសបម្រើឲ្យវិស័យពាណិជ្ជកម្ម និងទំនាក់ទំនង រវាងប្រជាជន និងប្រជាជន។

ជាការឆ្លើយតប សម្តេចធិបតី បានឯកភាព ចំពោះការស្នើនៃការបង្កើតស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំអ៊ីស្លាមប៉ាគីស្ថាន គឺដូចទៅនឹងអ្វីដែលសម្តេចតេជោ ធ្លាប់បានឯកភាព កាលពីពេលមុនកន្លងមកដែរ ។

ការស្នើសុំនេះ ធ្វើឡើងក្នុងឱកាសលោកទូត អ៊ីស្លាមប៉ាគីស្ថាន ទទួលបានការអនុញ្ញាត ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ។

ក្នុងជំនួប សម្តេចធិបតីគូសបញ្ជាក់ ពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជាថ្មី បន្តអនុវត្តគោលនយោបាយ នៃការរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ជាមួយអ៊ីស្លាមប៉ាគីស្ថាន ព្រមទាំងសង្ឃឹមថា ប្រទេសទាំងពីរនឹងអាចពង្រឹង-ពង្រីក កាន់តែប្រសើរឡើង ថែមទៀត ។

ជាការឆ្លើយតបឯកអគ្គរដ្ឋទូត សង្ឃឹមថា កិច្ចសហប្រតិបត្តិការកម្ពុជា-ប៉ាគីស្ថាន នឹងកាន់តែត្រូវបានលើកកម្ពស់ប្រសើរឡើង បន្ថែមទៀត ជាពិសេសស្របពេលដែលកន្លងមក ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្នា នៅក្នុងវិស័យជាច្រើន ជាអាទិ៍ វិស័យពាណិជ្ជកម្ម ដែលត្រូវបានកត់សម្គាល់ តាមរយៈលទ្ធភាពនៃការបង្កើតគណៈកម្មការពាណិជ្ជកម្មចម្រុះ (Joint Trade Committee) ដែលជាយន្តការល្អមួយ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យនេះ។

ដោយទ្បែក វិស័យការពារជាតិ ក៏បានស្តែងឡើងតាមរយៈការចូលចតនាវា និងការបំពេញទស្សនកិច្ចផ្លូវការ របស់មន្ត្រីយោធាជាន់ខ្ពស់ ផងដែរ ។ លើសពីនេះ ភាគីទាំងពីរក៏បានឯកភាពគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត នៅក្នុងវិស័យកសិកម្ម៕

To Top