ព័ត៌មានជាតិ

វិស័យបច្ចេកវិទ្យាឌីជីថល ទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងប្រាប់ក្រុមហ៊ុនបរទេសថា វិស័យបច្ចេកវិទ្យាឌីជីថល បានទទួលការយកចិត្តទុកដាក់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Chuqiao Li អនុប្រធានក្រុមហ៊ុន SHENZHEN XIDESHENG Bicycle Co., Ltd. (XDS) និងលោក Jianlin Bao អនុប្រធានក្រុមហ៊ុន Huawei Technologies Co., Ltd. នៅប្រទេសចិន នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងអំពីគោលនយោបាយ និងចក្ខុវិស័យសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ក្រុមហ៊ុនឲ្យជ្រាបកាន់តែច្បាស់។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «វិស័យបច្ចេកវិទ្យាឌីជីថលបានទទួលការយកចិត្តទុកដាក់ខ្ពស់ ពីរាជរដ្ឋាភិបាល តាមរយៈផ្តល់ការលើកទឹកចិត្តជាពិសេសដល់វិនិយោគិនដែលធ្វើការវិនិយោគលើវិស័យនេះ ក្នុងព្រះរាជាណាចក្រកម្ពុជា»។

អាស្រ័យលើកត្តាអំណោយផលនេះ លោកឧបនាយករដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តខ្ពស់ឲ្យក្រុមហ៊ុនបង្កើតសង្វាក់ផលិតកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជាដោយផ្ទាល់ផងដែរ។

តំណាងក្រុមហ៊ុន ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការយកចិត្តទុកដាក់ជាខ្លាំង និងបានផ្តល់ឱកាសឲ្យក្រុមហ៊ុនមានលទ្ធភាព ក្នុងការពង្រីកសង្វាក់ផលិតកម្មរបស់ខ្លួនបានយ៉ាងឆាប់រហ័សក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាងនេះទៅទៀត ក្រុមហ៊ុន បានបង្ហាញអំពីចក្ខុវិស័យ ក្នុងការពង្រីករោងចក្ររបស់ខ្លួនដែលមានទីតាំងក្នុងក្រុងបាវិត ឲ្យមានទំហំធំដូចរោងចក្រ ក្នុងទីស្នាក់ការកណ្តាលទីក្រុង Shenzhen នេះផងដែរ។

សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនៅក្រុមហ៊ុន Huawei បទបង្ហាញអំពីនវានុវត្តឌីជីថលថ្មីៗ រួមមាន ប្រព័ន្ធរដ្ឋបាលឌីជីថល ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឌីជីថល ប្រព័ន្ធកំពង់ផែឌីជីថល ប្រព័ន្ធអាកាសយានដ្ឋានឆ្លាតវៃ ទីក្រុងឌីជីថល ប្រព័ន្ធគ្រប់គ្រងថាមពលឌីជីថល ប្រព័ន្ធហិរញ្ញវត្ថុឌីជីថល និងប្រព័ន្ធទំនើបផ្សេងៗទៀតត្រូវបានជម្រាបជូនដល់គណៈប្រតិភូកម្ពុជា។ ក្រុមហ៊ុនក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Huawei និងរាជរដ្ឋាភិបាលកម្ពុជាកន្លងមកក្នុងការចូលរួមក្នុងធ្វើឌីជីថលូបនីយកម្ម របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

To Top