ព័ត៌មានជាតិ

រាជបណ្ឌិត្យសភា ប្រកាសរៀបចំ វេទិកាភ្នំពេញ លើកទី២ ស្តីពីអប្បភាគីនិយម៖ មជ្ឈភាពអាស៊ាន និងការប្រកួតប្រជែងមហាអំណាច

ភ្នំពេញ៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា (Royal Academy of Cambodia-RAC) នឹងរៀបចំវេទិកាទភ្នំពេញ លើកទី២ របស់ផងខ្លួន ក្រោមប្រធានបទដ៏គួរឱ្យទាក់ទាញស្រប តាមបច្ចុប្បន្នភាពពិភពលោកនិងកម្ពុជា នោះគឺ “មជ្ឈភាពអាស៊ាន និងការប្រកួតប្រជែង មហាអំណាច“ ។

តាមការបញ្ជាក់របស់លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដឹងនៅថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍ដ៏ធំនេះ នឹងប្រារព្វធ្វើឡើងនាថ្ងៃទី២៥ ខែតុលាខាងមុខនេះ នឹងប្រមូលផ្តុំវាគ្មិន និងអ្នកចូលរួម សរុបប្រប្រមាណ ១០០នាក់ ដែលជាអ្នកជំនាញ អ្នកសិក្សាស្រាវជ្រាវ បញ្ញវន្តមកស្ថាប័នធនាគារខួរក្បាល និងសាកលវិទ្យាល័យ មកពីក្នុងនិងក្រៅតំបន់អាស៊ី និងតំណាងក្រសួង ស្ថាប័នមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា។

លោកបណ្ឌិត គិន ភា បានបន្ថែមថា វេទិកាភ្នំពេញ លើកទី២ មានគោលបំណងដូចខាងក្រោម៖
១.ពិនិត្យលើការផ្លាស់ប្តូរតុល្យភាព នៃថាមភាពមហាអំណាច ទាំងក្នុងកម្រិតតំបន់ និងសកលលោក និងបញ្ជាក់ពីអធិបតេយ្យភាព និងផលប្រយោជន៍ជាតិ របស់ប្រទេសសមាជិកអាស៊ាន ។
២.លើកកម្ពស់ការយល់ដឹង ជាសាធារណៈលើការរីកសាយភាយ នៃបច្ចេកវិទ្យានុយក្លេអ៊ែរនិងហានិភ័យខ្ពស់ នៃការបង្កឱ្យមាន «ការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរ»។
៣.ពិនិត្យមើលឡើងវិញនូវវិធីសាស្រ្ត របស់អាស៊ានឆ្ពោះទៅរកការវិវត្ត នៃបញ្ហាប្រឈមភូមិសាស្ត្រនយោបាយ រួមជាមួយនឹងការគំរាមកំហែងសន្តិសុខថ្មីៗ ដូចជាភេរវកម្ម សង្គ្រាម តាមអ៊ីនធឺណិត និងការប្រែប្រួលអាកាសធាតុ ។
៤.លើកកម្ពស់ការយល់ដឹង អំពីការវិវត្តថ្មីនៃនិន្នាការអប្បភាគីនិយមក្នុងតំបន់អាស៊ីប៉ាស៊ីហ្វ៊ិក។
៥.ជំរុញការចូលរួមរបស់យុវជននិងផ្តល់សំឡេងដល់ពួកគេ ព្រមទាំងអភិវឌ្ឍការគិតឯករាជ្យលើបញ្ហានយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌នាពេលបច្ចុប្បន្ន តាមរយៈការផ្តល់ឧបករណ៍ និងធនធាននានា។

វេទិកាភ្នំពេញលើកទី២ នេះទៀតសោត នឹងធ្វើឡើងជាភាសាខ្មែរ និងភាសាអង់គ្លេស ដើម្បីធានាថាអ្នកចូលរួមទាំងអស់ អាចយល់និងធ្វើអន្តរកម្មកាន់ តែងាយស្រួល។ ការបកប្រែប្រដេញត្រូវបានរៀបចំក្នុងអំឡុងពេលវេទិកា ៕

To Top