ព័ត៌មានជាតិ

ក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បន្តពិនិត្យ និងព្យាបាលជំងឺ ជូនពលរដ្ឋដោយគិតថ្លៃ នៅស្រុកស្វាយជ្រំ បានចំនួន៧៧៩នាក់

ស្វាយរៀង៖ ក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ បានបន្ដចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានចំនួន៧៧៩នាក់ ក្នុងនោះស្ត្រី៤៧៨នាក់។

លោក រៀម សុីណា បានឲ្យដឹងថា ការពិនិត្យ និងព្យាបាលជំងឺពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង នាពេលនេះបានចំនួន៧៧៩នាក់ ស្ត្រី៤៧៨នាក់ រួមមាន ជំងឺទូទៅមនុស្សចាស់, ជំងឺទូទៅកុមារ, ជំងឺស្ត្រី,ជំងឺសន្លាក់ឆ្អឹង,អេកូសាស្រ្ត, វះកាត់តូច, ជំងឺភ្នែក, និងសុខភាពមាត់ធ្មេញ,ជំងឺផ្លូវដង្ហើម, ទឹកនៅផ្អែមនិងចាក់វ៉ាក់សាំងការពារជំងឺកូវីដផងដែរ។

លោករៀម ស៊ីណា បានបញ្ជាក់ថា បើមានអ្នកជំងឺធ្ងន់ ដែលមិនអាចព្យាបាលនៅកន្លែងបានទេ ក្រុមការងារយើងនឹងបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត ដោយឥតគិតថ្លៃផងដែរ។

លោកស្រីហ៑ុត ចាន់បូរ៉ា អភិបាលរងស្រុកស្វាយជ្រំបានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង ដែលបានចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកស្វាយជ្រំ ដោយឥតគិតថ្លៃនាពេលនេះ ដែលបានបញ្ជាក់ឲ្យឃើញថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី តែងតែចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដើម្បីលើកម្ពស់សុខមាលភាព ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ នៅតាមមូលដ្ឋាន ហើយបានរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ តាមរយៈការផ្ដល់សេវាសុខាភិបាលដោយឥតគិតថ្លៃនេះផងដែរ។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ក៏បានបញ្ជាក់ថា មណ្ឌលសុខភាពនៅឃុំបាសាក់កំពុងតែសាងសង់ឡើង ដែលជាអំណោយរបស់លោកកែវ ឆាន់ជាសប្បុរសជននិងលេចជារូបរាងឡើង នៅពេលខាងមុខនេះ ដើម្បីផ្ដល់សេវាសុខាភិបាលឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសនៅកៀកកិតជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់តែម្ដង ដែលមិនពិបាកដូចមុនត្រូវធ្វើដំណើ ទៅមន្ទីរពេទ្យទីរួមខេត្ត ដើម្បីព្យាបាលជំងឺ ដែលទាំងអស់នេះ ជាការគិតគូរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដែលមានសម្ដេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបានចាត់ទុកវិស័យសុខាភិបាលគឺជាវិស័យដ៏ចម្បងមួយ ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋផងដែរ៕

To Top