ព័ត៌មានជាតិ

សម្តេចធិបតី ៖ អ្នកខ្លះចេញមុខរៃអង្គាស ទិញសំបុត្រយន្តហោះ ដឹកពលរដ្ឋខ្មែរ នៅអ៊ីស្រាអ៊ែលមកវិញ តែគ្មានឃើញលទ្ធផលអ្វីទេ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងបែបចំអកអកឡើយថា មានអ្នកខ្លះបានចេញ មុខរៃអង្គាសលុយ ដើម្បទិញសំបុត្រយន្តហោះ ជួយពលរដ្ឋខ្មែរ នៅអ៊ីស្រាអ៊ែល ប៉ុន្តែ១០ថ្ងៃជាង ហើយមិនឃើញ លទ្ធផលអ្វីនោះទេ។

លទ្ធផលដែលសម្តេចសំដៅដល់នោះ គឺមិនឃើញមានសកម្មភាពទិញសំបុត្រយន្តហោះ ទៅដឹកពលរដ្ឋកំពុងធ្វើការ និងនិស្សិតខ្មែរនៅអ៊ីស្រាអ៊ែលនោះទេ ។

តែសម្តេចក៏បានបែបឌឺដងទៀតថា តែបើក្នុងករណី បុគ្គលម្នាក់នោះ ត្រូវការរៃអង្គាសទិញ សំបុត្រយន្តហោះខ្លួនឯង ទៅអាមេរិក ឬប្រទេសណាមួយនោះគឺលឿនរហ័សណាស់ ដូច្នេះបុគ្គលរូបនោះបានតែស្រែកចោលនោះទេ គឺគ្មានប្រយោជន៍អ្វីឡើយ ។ សម្តេចបន្តថា “អ្នកខ្លះ អ្នកនយោបាយចាស់វស្សាចេញមកវៃរដ្ឋាភិបាល ហើយមានអ្នកខ្លះអួតណាស់ រករៃអង្គាសលុយដើម្បីទិញសំបុត្រយន្តហោះឲ្យនិស្សិតខ្មែរមកវិញ មកដល់ម៉ោងនេះ ១០ថ្ងៃជាងហើយ អត់ឃើញប្រកាសរៃអង្គាសលុយ តែបើគាត់ជិះយន្តហោះទៅអាមេរិក បារាំង អូស្ត្រាលី អង្គាសលុយខ្លួនញឹក”។

ក្រោយមានករណីសង្គ្រាម នៅអ៊ីស្រាអ៊ែលភ្លាមៗ រវាងក្រុមហាម៉ាស់ របស់ប៉ាឡេស្ទីននោះ លោក សម រង្ស៊ី និងគូកនខ្លួនបាននាំគ្នាលើកឡើង ក្នុងបណ្តាញសង្គម និងបណ្តាញ ព័ត៌មានប្រឆាំង និន្នាការរាជរដ្ឋាភិបាល បានចេញផ្សាយព្រោងព្រាតថា នឹងចេញមុខរៃអង្គាស ជួយពលរដ្ឋខ្មែរនៅអ៊ីស្រាអ៊ែល ដូចជាការទិញសំបុត្រយន្តហោះ ដើម្បីជួយពលរដ្ឋខ្មែរ មកស្រុកកំណើតវិញ។

ក្នុងវេទិកាជួបកម្មករជាង១ម៉ឺននាក់នាព្រឹកថ្ងៃ២៥ តុលានេះ សម្តេចនាយករដ្ឋមន្រ្តីបានរៀបរាប់អំពីពលរដ្ឋខ្មែរនៅអ៊ីស្រាអ៊ែលបន្តថា ក្នុងមួយថ្ងៃសម្តេចបានទទួលព័ត៌មានពីគ្រប់ស្ថាប័នពាក់ព័ន្ធពីពលរដ្ឋខ្មែរនៅអ៊ីស្រាអ៊ែលចំនួន៤ដង គឺពួកគេមានសុវត្ថិភាពគ្រប់គ្រាន់ ដោយសាររាជរដ្ឋាភិបាលបានយកចិត្តទុកដាក់គ្រប់ពេល មិនដែលព្រងើយកន្តើយឡើយ។ សម្តេចក៏បានត្រៀមលក្ខណៈមធ្យោបាយជាយថាហេតុគ្រប់ពេល ផងដែរ បើមានករណីណាមួយកើតឡើងនឹងជួយឲ្យទាន់ពេលវេលា។

សម្តេចក៏បានផ្តាំទៅអ្នកចោទប្រកាន់ និងវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា អំពីពលរដ្ឋខ្មែរនៅអ៊ីស្រាអ៊ែលថា ពូកែយកមុខមាត់នោះ សូមបន្តយកមុខទៀតចុះ តែសម្តេចក៏បញ្ជាក់បកត្រឡប់ទៅវិញ សម្រាប់ពលរដ្ឋខ្មែរនៅអ៊ីស្រាអ៊ែលគឺមិនទុកពួកគាត់ចោលទេ ដោយរួមសហការជាមួយគ្នាជានិច្ច ។ សម្តេចថា នេះហើយភាពខ្លាំងរបស់កម្ពុជា ទោះបីជាមានការវាយប្រហារយ៉ាងណាក៏ដោយ ។

សម្តេច ហ៊ុន ម៉ាណែតគូសបញ្ជាក់ថា “អ្នកក្រៅប្រទេសពូកែយកគុណសម្បត្តិណាស់ ប៉ុន្តែយកទៀតចុះ ចង់អ្នកយកយ៉ាងម៉េចយកទៀតទៅ ខ្ញុំមិនឈឺក្បាលទេ អ្វីសំខាន់ប្រជាពលរដ្ឋខ្ញុំនៅគ្រប់កន្លែងយើងអាចក្តាប់បាន យើងអាចជួយបានតាមលទ្ធភាពយើងជួយបាន​ ដោយត្រៀមលក្ខណៈទាំងអស់ ។ នេះជាការពិត”៕

To Top