ព័ត៌មានជាតិ

កម្ពុជា ទទួលជំនួយពីជប៉ុនជិត១០លានដុល្លារ ដើម្បីអនុវត្តគម្រោងកសាង បណ្តាញស្ថានីយ វាស់វែងអចិន្ត្រៃយ៍ ដោយផ្កាយរណប

ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចុះហត្ថលេខាជាមួយ លោកឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា UENO Atsushi លើលិខិតប្តូរសារ និង ឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ហិរញ្ញប្បទាន ឥតសំណងរបស់រដ្ឋាភិបាលជប៉ុន មានទឹកប្រាក់ ចំនួន ១.៣៣៨ លានយ៉េន (ប្រមាណ ៩,៧ លានដុល្លារអាមេរិក) ដើម្បីអនុវត្តគម្រោង សម្រាប់ការកសាងបណ្តាញ ស្ថានីយវាស់វែងអចិន្ត្រៃយ៍ ដោយផ្កាយរណបទូទាំងប្រទេស។

គម្រោងនេះមានគោលបំណង ពន្លឿនការអង្កេតវាស់វែងសុរិយោដី និងពង្រឹងសេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី តាមរយៈការដំឡើង ស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប ដើម្បីរួមចំណែកដល់ ការលើកកម្ពស់ គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា។ ខណៈដែលប្រទេសកម្ពុជា កំពុងមានការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ និងដីធ្លីយ៉ាងឆាប់រហ័ស ការដំឡើងស្ថានីយវាស់វែងអចិន្ត្រៃយ៍ ដោយផ្កាយរណបនៅទូទាំងប្រទេសកម្ពុជា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ។

តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន សម្រាប់ការបន្តជំនួយអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជា។ ជំនួយជប៉ុនគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយដូចជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល អប់រំ ការផ្គត់ផ្គង់ ទឹកស្អាត និងការដោះមីន ជាដើម។ នេះឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់ជប៉ុន ក្នុងការរួមចំណែកដល់ការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ៕

To Top