ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ថ្កោលទោសបុគ្គល វាយសម្លាប់ឈ្លូស ១ក្បាល នៅឆ្នេរកុកហាវ

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះបុគ្គលវាយសម្លាប់សត្វឈ្លូស ១ក្បាល នៅឆ្នេរកុកហាវ ក្នុងស្រុកគិរីសាគរ ខេត្តកោះកុង នាពេលកន្លងទៅនេះ ខណៈសមត្ថកិច្ចចាប់ឃាត់ខ្លួន​បុគ្គល​នោះបានហើយ ។

តាមរូបភាពវីដេអូ នៃសកម្មភាពបុរសម្នាក់បានយកដំបងឈើវាយសម្លាប់សត្វឈ្លូស ដែលប្រឹងហែលក្នុងទឹកសមុទ្រឡើងលើគោក នៅឆ្នេរកុកហាវ ភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង កាលពីថ្ងៃ២៥ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ ជាទង្វើល្មើសច្បាប់។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងបរិស្ថាន នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ បាន​បញ្ជាក់​ថា «សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះបុគ្គលដែលបានវាយសម្លាប់ សត្វឈ្លូស ១ក្បាល ជាប្រភេទសត្វព្រៃដែលត្រូវអភិរក្ស»។

ទន្ទឹមនឹងនេះ ក្រសួងបរិស្ថាន បន្តអំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋគ្រប់គ្នា កុំសម្លាប់ កុំជួញដូរ និងកុំបរិភោគសត្វព្រៃ ដោយត្រូវ ចូលរួមថែរក្សា ការពារ អភិរក្សធនធានធម្មជាតិ និងសត្វព ដែលជាសម្បត្តិធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយ។

សូមរំលឹកថា សមត្ថកិច្ចខេត្តកោះកុង នៅថ្ងៃទី១ វិច្ឆិកានេះ បានចាប់ឃាត់ខ្លួនបុរសដែលបានវាយសម្លាប់សត្វឈ្លូស ដែលព្យាយាមហែលទឹកឡើងគោកបានហើយ។ នេះបើតាមសំណេរ នៅលើគណនីហ្វេសប៊ុក លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top