ព័ត៌មានជាតិ

ខេត្តស្វាយរៀង មាន៧មណ្ឌល និងបេក្ខជនសរុប៤,១៦៧នាក់ ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ

ស្វាយរៀង៖ លោកតូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងតំណាងលោកអភិបាលខេត្ត នៅព្រឹកថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ ២០២៣ នេះបានអញ្ជើញចូលរួមបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣នៅវិទ្យាល័យស្វាយរៀង។

ថ្លែងនៅក្នុងឱកាសនោះលោកតូច ប៉ូលីវ៉ាអភិបាលរងខេត្តបានជំរុញដល់ប្អូនៗ ជាបេក្ខជន បេក្ខនារីទាំងអស់ ដែលត្រូវចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវតែយកចិត្តទុកដាក់ខ្ពស់ និងខិតខំសរសេរឲ្យល្អ ត្រឹមត្រូវ ទៅលើក្រដាស់វិញ្ញាសា ជាពិសេសត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសា ដោយត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន នូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី”អ្នកចេះគឺជាប់”។

លោកអភិបាលរងខេត្តបានបន្តថា ការប្រឡងប្រកួតប្រជែងនេះ គឺដើម្បីដឹងពីសមត្ថភាពចំណេះដឹង ក្នុងការស្វែងរកនូវធនធានមនុស្ស ដែលជាទំពាំងស្នងឫស្សី   ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើង ប្រកបទៅដោយសុខសន្តិភាព និងមានការរីកចម្រើនគ្រប់វិស័យ ជាពិសេសនោះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែនជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧ នេះ សម្ដេចទាំងទ្វេរ តែងតែគិតគូរនិងយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យអប់រំ ក៏ដូចជាសិស្សានុសិស្សគ្រប់ៗរូប។

ជាមួយគ្នានេះលោកអភិបាលរងខេត្តក៏បានបញ្ជាក់ថា បើបេក្ខជន បេក្ខនារីដែលប្រឡងជាប់បាននិទ្ទេសល្អ(A)រដ្ឋបាលខេត្តនិងមានរង្វាន់លើកទឹកចិត្តជារៀងរាល់ឆ្នាំ ជាពិសេសក៏មានការគិតគូរពីថ្នាក់ដឹកនាំប្រទេសដែលមានសម្ដេចតេជោហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ នេះផងដែរ។

សូមបញ្ជាក់ថា ខេត្តស្វាយរៀងក្នុងឆ្នាំសិក្សា២០២២-២០២៣នេះមានបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមាន៧មណ្ឌល បេក្ខជនសរុប ៤,១៦៧ នាក់,ស្រី ២,១៥៤នាក់។ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន២មណ្ឌល មានបន្ទប់សរុប៣៦បន្ទប់ មានបេក្ខជន សរុប ៨៩៨ នាក់ ស្រី ៥៦២នាក់។ថ្នាក់វិទ្យាសាស្ត្រសង្គមមាន៥មណ្ឌល មានបន្ទប់សរុប១៣១បន្ទប់ មានបេក្ខជនសរុប៣,២៦៩នាក់ ស្រី ១,៥៩២នាក់ និងកម្លាំងពាក់ព័ន្ធក្នុងការ ការពារមណ្ឌលប្រឡងមានចំនួន២០៤នាក់៕
ដោយសហការី

To Top