ព័ត៌មានជាតិ

ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក សភាពការណ៍សន្ដិសុខល្អប្រសើរ និងមានពលរដ្ឋចូលរួមកម្សាន្ដ ១លាន ៧សែននាក់

ភ្នំពេញ៖ ថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូកត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ នៅតែបន្តល្អប្រសើរ ហើយមានប្រជាពលរដ្ឋមកចូលរួម កម្សាន្តសប្បាយយ៉ាងច្រើនកុះករ ប្រមាណ ១.៧០០.០០០នាក់។

យោងតាមរបាយការណ៍របស់ អនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ សង្រ្គោះទូកលិច និងអ្នកជំងឺ បានឲ្យដឹងថា គ្រប់ទីបញ្ជាការស្រាល សភាពការណ៍ក្នុងតំបន់ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី០២ ត្រូវនឹងថ្ងៃទី២៧ វិច្ឆិកា មានទូកចូលរួមប្រកួតចំនួន ៣៣៨ទូក ហើយចំណុះទូកសរុប ១៦.៥៩៦នាក់ (ត្រៀម ៣.៨៤៨នាក់) និងប្រទីបដែលនឹងត្រូវបណ្តែតអបអរសាទរ ព្រះរាជពិធីបុណ្យមានចំនួន ៣០ប្រទីប។

ប្រភពដដែល បញ្ជាក់ថា «ពិនិត្យជារួម នៅថ្ងៃទី២ នេះ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ និងមានប្រជាពលរដ្ឋមកចូលរួម កម្សាន្តសប្បាយយ៉ាងច្រើនកុះករ ប្រមាណ ១.៧០០.០០០នាក់»។

ដោយឡែកកម្លាំងសមត្ថកិច្ចជំនាញ បានបង្រ្កាបបទល្មើសឆក់ទូរស័ព្ទដៃ ១លើក ដោយឃាត់ខ្លួនជនល្មើស ១នាក់ នៅគោលដៅសួនវត្តបុទុម និងមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១លើក នៅគោលដៅមុខវត្តឧណ្ណាលោម (ម៉ូតូបុកក្មេងបណ្តាលឲ្យរបួស ០១នាក់)។ ជាមួយគ្នានោះ សមត្ថកិច្ចការពារគោលដៅ បានប្រតិបត្តិការ និងអន្តរាគមន៍សង្រ្គោះ បានរកឃើញក្មេងវង្វេងសាច់ញាតិចំនួន ១១នាក់ (ស្រី ០៥នាក់) ដោយបានធ្វើការផ្សព្វផ្សាយ ហើយត្រូវបានសាច់ញាតិមកទទួលយកទៅវិញចំនួន ០៨នាក់ និងកំពុងស្វែងរកសាច់ញាតិចំនួន ០៣នាក់បន្តទៀត។

កម្លាំងត្រៀមអន្តរាគមន៍ បានចេញជួយសង្រ្គោះករណី ទូកប្រណាំងលិចទឹកចំនួន ៤ទូក ដោយ បានជួយសង្រ្គោះកីឡាករសរុប ១១៩នាក់ និងជួយសង្គ្រោះកីឡាករធ្លាក់ពីលើទូកចំនួន ១៧នាក់ ប្រកបដោយសុវត្ថិភា ព។ បានចុះផ្សពផ្សាយអប់រំស្ដីពីការបង្ការទប់ស្កាត់ និងពន្លត់អគ្គិភ័យតាមបណ្តាយានដ្ឋាន ផ្ទះជួល ផ្ទះសំណាក់ ភោជនីយ៍ដ្ឋាន នៅជុំវិញតំបន់ប្រារព្ធព្រះរាជពិធីបុណ្យសរុប ១៤គោលដៅ។ ចំពោះក្រុមគ្រូពេទ្យប្រចាំការនៅតាមគោលដៅ បានធ្វើការសង្រ្គោះបឋមដល់អ្នក ដែលមានបញ្ហាសុខភាពសរុបចំនួន ២.៦៥៩នាក់ (ស្រី ៤៧៦នាក់) និងបញ្ជូនទៅសង្រ្គោះ នៅ មន្ទីរពេទ្យចំនួន ០២នាក់៕

To Top