ភ្នំពេញ៖ ស្ថិតក្នុងសម័យបច្ចេកវិទ្យា ឈានមុខនាពេលបច្ចុប្បន្ន លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រកាសដាក់ឲ្យប្រើប្រាស់ សាកល្បងនូវប្រព័ន្ធគ្រប់គ្រង ចរន្តឯកសារតាមអេឡិចត្រូនិច ។
ក្នុងឱកាសអញ្ជើញដឹកនាំ កិច្ចប្រជុំការងារប្រចាំខែវិច្ឆិកា នាថ្ងៃ១ ធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត លោកសាស្រ្តាចារ្យ ឈាង រ៉ា បានលើកឡើងថា ការដាក់សាកល្បងនេះអាចស្នើសុំយោបល់ និងផ្តល់យោបល់ ទៅគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ តាមអេឡិចត្រូនិចដោយមានភាពឆាប់រហ័ស ទោះបីជានៅទីណាក៏ដោយ ។
![](https://dap-news.com/wp-content/uploads/2023/12/photo_2023-12-02_11-51-52-1024x684.jpg)
បើតាមលោករដ្ឋមន្រ្តី ក្រោយដាក់ដំណើរការសាងល្បងប្រមាណជា ១ខែហើយ នឹងដាក់ដំណើរការពេញលេញជាផ្លូវការនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ខាងមុខ។
ក្នុងឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តីបន្តថា ក្រោមការដាក់ចេញនូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលបានចេញ នូវយុទ្ធសាស្រ្តអាទិភាពគន្លឹះក្នុងការពង្រឹងសេវាសុខភាព នៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក ខេត្ត ដើម្បីធានាការបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌។
![](https://dap-news.com/wp-content/uploads/2023/12/photo_2023-12-02_11-51-50-1024x680.jpg)
សាស្រ្តាចារ្យរដ្ឋមន្ត្រីថា សម្រាប់ការពង្រឹង និងពិនិត្យលើកង្វះខាតធនធានមនុស្ស នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ត្រូវធ្វើវិចារណកម្មលើតម្រូវការជាក់ស្តែង ឲ្យមានគុណភាព ប្រសិទ្ធភាព និងតម្លាភាព។
ជាមួយគ្នានោះ រដ្ឋមន្រ្តីក៏បានណែនាំ មន្រ្តីសុខាភិបាលទាំងអស់ ចូលរួមថែរក្សាសម្ភារៈបរិក្ខារ និងប្រើប្រាស់ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ត្រូវចេះសន្សំសំចៃ និងត្រូវពិនិត្យការគ្រប់គ្រងឱសថឲ្យបានត្រឹមត្រូវ។ ចំណែក ឯការងារចុះអភិបាលគឺត្រូវធ្វើឲ្យបានល្អ ត្រូវមានផែនការ មានខ្លឹមសារ និងគោលបំណងច្បាស់លាស់។
![](https://dap-news.com/wp-content/uploads/2023/12/photo_2023-12-02_11-52-03-1024x575.jpg)
សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏ស្នើសុំមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវចេះជួយគ្នា សហការគ្នា សាមគ្គីភាពគ្នា និងត្រូវខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីអនុលោមទៅតាមគោលនយោបាយជាតិ និងថ្លែងអំណរគុណដល់មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ក្នុងការចូលរួមសហការបានយ៉ាងល្អ ក្នុងកិច្ចការការពារសុខភាពក្នុងអំឡុងពេល ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
![](https://dap-news.com/wp-content/uploads/2023/12/photo_2023-12-02_11-51-54-1024x630.jpg)
សូមបញ្ជាក់ផងដែរ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គនាយករង អគ្គាធិការ និងអគ្គាធិការរង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ ប្រធានគ្រប់អង្គភាពថ្នាក់កណ្តាល ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត និងនាយកសាលាមធ្យមសិក្សាភូមិភាគទាំង៤ផងដែរ៕
![](https://dap-news.com/wp-content/uploads/2023/12/photo_2023-12-02_11-52-05-1024x782.jpg)
![](https://dap-news.com/wp-content/uploads/2023/12/photo_2023-12-02_11-52-08-1024x640.jpg)
![](https://dap-news.com/wp-content/uploads/2023/12/photo_2023-12-02_11-52-06-1024x640.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)