ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជា ច្រានចោល ការចោទប្រកាន់ពីការប្រើប្រាស់លុយ ដើម្បីទទួលបានការតែងតាំង ជាសមាជិក គណៈកម្មាធិការ កណ្ដាលបក្ស

ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា បានប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយ ដែលចោទប្រកាន់មកលើគណបក្សអំពីការប្រើប្រាស់លុយ ដើម្បីទទួលបាន ការតែងតាំងជា សមាជិកគណៈកម្មាធិការ កណ្តាល របស់គណបក្ស ប្រជាជនកម្ពុជា។

យោងតាមសេចក្តីបដិសេធ នាថ្ងៃ៧ ធ្នូ នេះ គណបក្សប្រជាជនកម្ពុជាបានឲ្យដឹងថា អត្ថបទចោទប្រកាន់នេះ ត្រូវបានចុះផ្សាយក្នុងសារព័ត៌មានThe Cambodia Daily នាថ្ងៃ៦ ធ្នូ ។ ចំពោះព័ត៌មាននេះ គណបក្សប្រជាជនកម្ពុជា លើកឡើងថា “គឺជាការបំភ្លៃ បំផ្លើស ញុះញ៉ុង មានចរិកបំពុលសង្គម មានចេតនាធ្វើឲ្យប៉ះពាល់ កិត្តិនាម កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់សមាជិក គណបក្សប្រជាជនកម្ពុជា ។ សារព័ត៌មាន The Cambodia Daily ត្រូវប្រកាន់ខ្ជាប់ នូវវិជ្ជាជីវៈសារព័ត៌មាន និងមាន ការទទួលខុសត្រូវ ចំពោះការចុះផ្សាយព័ត៌មានពិត ដើម្បីរក្សានូវកិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ស្ថាប័នខ្លួននិងសង្គម” ។

គណបក្សប្រជាជនកម្ពុជា ក៏បានឲ្យដឹងទៀតថា មហាសន្និបាតវិសាមញ្ញតំណាងទូទាំង ប្រទេសប្រចាំឆ្នាំរបស់គណបក្ស នឹងរៀបចំនៅថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការ កណ្តាលគណបក្ស ក្រោយពីទទួលបានជោគជ័យ និងការគាំទ្រដ៏ច្រើនលើសលុប ក្នុងការបោះឆ្នោត សកល ឆ្នាំ២០២៣ពីប្រជាជន ដែលនេះ សបញ្ជាក់អំពីការឯកភាពផ្ទៃក្នុង ដ៏រឹងមាំនិង មិនអាចបំបែកបំបាក់បាន។

លើសពីនេះ ក្នុងនាមគណបក្សឈ្នះឆ្នោត ដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧ គណបក្សប្រជាជនកម្ពុជា ផ្តោតសំខាន់លើការកសាងធនធានមនុស្ស ប្រកបដោយគុណភាព និងមានឆន្ទៈខ្ពស់ដើម្បីបម្រើជាតិនិងប្រជាជន។

ដូច្នេះ បក្សកាន់អំណាច គូសបញ្ជាក់ថា ការជ្រើសរើសបំពេញបន្ថែម សមាជិកគណៈកម្មាធិការ កណ្ដាល របស់គណបក្ស ប្រជាជនកម្ពុជា ត្រូវផ្អែកទៅ លើសមត្ថភាព បទពិសោធន៍ គុណវុឌ្ឍ និងចរិយាធម៌ ដែលមានគុណតម្លៃ ឆ្លើយតបទៅនឹង តម្រូវការ ធនធានមនុស្សសម្រាប់ការដឹកនាំបក្ស និងរដ្ឋ ដើម្បីការពារសន្តិភាព ឯករាជ្យភាព អធិបតេយ្យ បូរណភាពទឹកដី ជាពិសេសការការពារសមិទ្ធផល ដែលថ្នាក់ដឹកនាំគ្រប់ជំនាន់នៃគណបក្សប្រជាជនកម្ពុជា បានតស៊ូ លះបង់ ការពារ និងកសាងសង្គមជាតិ មាតុភូមិកម្ពុជា ឲ្យមានការអភិវឌ្ឍ និងមានកិត្តិនាមនៅក្នុងឆាកជាតិ និងអន្តរជាតិមក ទល់បច្ចុប្បន្ន ៕

To Top