ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ប្តេជ្ញារក្សាប្រាសាទអង្គវត្ត ឲ្យបានរាប់ពាន់ឆ្នាំបន្តទៀត

សៀមរាប ៖ ថ្លែងចេញពីទឹកដីខេត្តសៀមរាប ជាទីកន្លែងមានប្រាសាទអង្គរវត្ត ដ៏មានតម្លៃរបស់ជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូស បញ្ជាក់ថា រាជរដ្ឋាភិបាលប្តេជ្ញាថែរក្សាប្រាសាទអង្គរវត្ត ឲ្យបានរាប់ពាន់ឆ្នាំតទៅមុខទៀត។

សម្តេចធិបតីបានថ្លែងក្នុងពិធី ជួបសំណេះសំណាលជាមួយពលរដ្ឋនៅតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរដែលបានស្ម័គ្រចិត្តមករស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាថ្ងៃ៨ ធ្នូ យ៉ាងដូច្នេះថា «ប្រាសាទបុព្វបុរសយើងបានកសាងជាង ៤០០ឆ្នាំមកហើយ តាមរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ រហូតដល់រជ្ជកាលព្រះបាទជ័យវរ្ម័នទី៧… ហើយនៅតំបន់សៀមរាបនេះពីដើម គឺជាតំបន់ហានិភ័យដែលព្រះបាទ ព្រះបរមរតនកោដ្ឋ សម្តេចព្រះបរមនាថ នរោត្តម សីហនុ កាលពីឆ្នាំ១៩៩១ បានសុំឲ្យអន្តរជាតិជួយសង្គ្រោះនូវហានិភ័យ រហូតដល់ដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មកដល់បច្ចុប្បន្ន»។

សម្តេចធិបតីបន្តថា ប្រាសាទដែលមានការខូចខាតអាចជួសជុលបាន ប៉ុន្តែប្រាសាទដែលសាងសង់ជាង១២០០ឆ្នាំមុន មិនអាចត្រឡប់ថយក្រោយវិញបាននោះ ទេ “ចង់បានប្រាសាទដូចមុនយើង មិនអាចយកបច្ចេកវិទ្យាបាននោះទេ ចំណុចនេះមិនអាចកាត់ថ្លៃ បាននូវតម្លៃសម្បត្តិវប្បធម៌ ដែលយើងបានដាក់ចូលក្នុងបេតិកណ្ឌពិភពលោក” ។

សម្តេចនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា «ស្របតាមគោលនយោបាយ ចំហជើងមេឃរបស់សម្តេចតេជោ ខេត្តសៀមរាប ពិសេសតំបន់ប្រាសាទអង្គរ ទៅជាដៃឆក់សម្រាប់ទាក់ ទាញការចាប់អារម្មណ៍ភ្ញៀទេសចរ ឲ្យបានច្រើនរាប់លាន់នាក់ ឲ្យទៅជាខេត្តសៀមរាបដែលជាខេត្តធ្លាប់ស្ងាត់ជ្រងំ ទៅជាខេត្តដែលរីកនិងជាប៉ូលសេដ្ឋកិច្ច»។

ជាមួយគ្នានោះដែរ សម្តេចធិបតីថា ត្រូវតែមានអ្នកថែទាំប្រាសាទ ឲ្យបានរាប់ពាន់ឆ្នាំបន្តទៀត “ប្រាសាទយើងក៏សាងជាង១២០០ឆ្នាំមកហើយ យើងត្រូវធានាថែរក្សាឲ្យបាន រាប់រយពាន់ឆ្នាំបន្តទៀត។ មានលោកយាយលោកតា មិញឲ្យពរខ្ញុំឲ្យមានអាយុ១២០ឆ្នាំ ខ្ញុំថាមនុស្សបានអាយុ១៥០ឆ្នាំបានហើយ តែព្រលឹងជាតិរបស់យើង ត្រូវនៅរាប់ពាន់ឆ្នាំប្រាសាទ ដែលជាកេរ្តិ័ដំណែល របស់ដូនតាយើងត្រូវនៅរាប់ពាន់ឆ្នាំបន្តទៀត នេះជាអ្វីដែលយើងត្រូវថែរក្សា» ៕

To Top