ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ស សុខា ណែនាំអាជ្ញាធរទប់ស្កាត់អំពើជួញដូរមនុស្សគ្រប់ទម្រង់

ភ្នំពេញ ៖លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវសហការគ្នាឱ្យបានល្អចូលរួមទប់ស្កាត់នូវការជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់រូបភាព ដើម្បីផ្តល់សេចក្តីទុកចិត្ត និងសេចក្តីសុខជូនប្រជាពលរដ្ឋ។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបាត់ដំបង នៅសាលសុភមង្គល ក្រុងបាត់ដំបង នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងថា «រហូតមកដល់ពេលនេះ ក្នុងរយៈពេលជាង ៣ខែនេះ កម្ពុជារំដោះបាន ៨សញ្ជាតិ ស្មើជាង ២១០០នាក់ ដែលជាការជួញដូរកេងប្រវ័ញ្ចលក្ខណៈអន្តរជាតិ ថ្វីត្បិតតែបុគ្គលទាំងនោះ យកមកប្រើធ្វើទណ្ឌកម្មណាមួយនៅកម្ពុជា ប៉ុន្តែកម្រៃនៃអ្នកទទួលផលនោះមិនមែននៅកម្ពុជានោះទេ ចុងក្រោយ គឺវេរលុយទៅប្រទេសអ៊ឺរ៉ុបទាំងអស់ ភាពប្រទាក់ក្រឡារវាងអ្នកឆ្លៀតឱកាសនេះ មានភាពច្បាស់លាស់ដោយសារបុគ្គលនោះនៅផ្លូវងងឹត យើងនៅផ្លូវភ្លឺ ប៉ុន្តែគេបានដើរមួយជំហានធំមុនយើងទៅហើយ ហើយការលក់ចាប់ពី៥ឆ្នាំទៅ១៥ឆ្នាំ ទៅលើបុគ្គលម្នាក់ ជួនកាលលក់បាន៤ឬ៥ឆ្នាំ នឹងត្រូវលក់បន្តទៅអ្នកដទៃផ្សេងទៀត ខ្លះរហូតដល់៤ ឬ៥តង់ឯណោះ ដូច្នេះសូមចូលរួមទប់ស្កាត់គ្រប់ទម្រង់នៃការជួញដូរមនុស្ស ដែលទាំងនេះគឺជាបញ្ហាសកល ខណៈកម្ពុជារបស់យើងកំពុងរងទុក្ខវេទនាដោយសារតែការជួញដូរនេះ»។

ក្រៅពីនេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានដាក់ទិសដៅផែនការឱ្យបន្តការយកចិត្តទុកដាក់លើការបង្រ្កាបទល្មើសនានាឱ្យមានប្រសិទ្ធិភាពថែមទៀត និងការបង្កើនសមត្ថភាពបំពេញតួនាទីរបស់កងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងចលនានានា ពិសេសប្រជាការពារតាមបណ្តាឃុំ សង្កាត់ បន្តការគាំទ្រស្មារតី សម្ភារៈ និងការលើកទឹកចិត្តឱ្យបានចូលរួមទាំងអស់គ្នា ក្នុងគោលដៅធ្វើយ៉ាងម៉េចឱ្យភូមិ ឃុំ សង្កាត់របស់យើងមានសុវត្ថិភាពល្អ ។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា បញ្ហាគ្រឿងញៀន គឺជាហានិភ័យមួយសម្រាប់ប្រទេសកម្ពុជា ដូច្នេះត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងមានវិធានការផ្សេងៗទៀត ដើម្បីធ្វើការបង្រ្កាបឱ្យបានទាន់ពេលវេលា ។

សូមបញ្ជាក់ថា តាមរយៈនៃអង្គសន្និបាតរបស់រដ្ឋបាលខេត្តបាត់ដំបង លោក សុខ លូ អភិបាលខេត្ត បានបង្ហាញថា ក្នុងរយៈពេញមួយថ្ងៃ អង្គសន្និបាតបានពិភាក្សា និងផ្តល់ជាយោបល់ គោលគំនិត បទពិសោធន៍ទៅលើប្រធានបទសំខាន់ៗចំនួន៥ គឺ ទី១.ការគ្រប់គ្រងសំរាម សំណល់រឹង និងរាវ ទី២.ការរៀបចំ និងការគ្រប់គ្រងសំណង់មិនរៀបរយ ទី៣.ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ទី៤.ការរៀបចំក្រុងបាត់ដំបង ក្នុងការចូលរួមអនុវត្តគម្រោងទីក្រុងឆ្លាតវៃ SMART CITY និងទី៥.ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបានរកឃើញនូវចំណុចខ្លាំង ចំណុចខ្សោយ ដែលជាមូលដ្ឋានគ្រឹះសម្រាប់រួមគ្នាយកទៅអនុវត្តក្នុងឆ្នាំ២០២៤ ឱ្យកាន់តែទទួលបានជោគជ័យ ៕

To Top