ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា ចូលរួមពិធីអបអរសាទរខួបលើកទី២៥ នៃការបញ្ចប់ សង្គ្រាមស៊ីវិលនៅកម្ពុជា

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃ២៩ ធ្នូនេះ បានអញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី២៥នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកប ដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

នៅក្នុងឱកាសអបអរសាទរខួប ២៥ឆ្នាំ នៃការបញ្ចប់សង្រ្គាមនៅកម្ពុជាតាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ក្រសួងសុខាភិបាលបានរៀបចំស្តង់តាំងពិព័រណ៍បង្ហាញពីសមិទ្ធផល និងស្នាដៃការងារសំខាន់ៗដែលក្រសួងបានសម្រេចនៅក្នុងរយៈកាល ២៥ឆ្នាំ ចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២៣។

ការដឹកនាំប្រកបដោយស្មារតីបុរេសកម្ម ចក្ខុវិស័យវែងឆ្ងាយ ឈ្លាសវៃ ម៉ឹងម៉ាត់ និងសម្រេចចិត្តត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន កន្លងមកធ្វើឲ្យកម្ពុជាគ្រប់គ្រងបានជំងឺកូវីដ-១៩ និងបានបើកប្រទេស និងបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញដោយសុវត្ថិភាព និងមាននិរន្តរភាព ចាប់តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកដល់ពេលបច្ចុប្បន្ន។

ការពង្រីកការគ្របដណ្តប់នៃសេវាសុខភាព និងការពង្រីកការគាំពារសុខភាពសង្គម ព្រមទាំងភាពប្រសើរឡើងនៃកត្តាសង្គម បានបង្កើនអាយុកាលរស់រំពឹងទុករបស់ប្រជាជនកម្ពុជា ទាំងពីរភេទ ពី ៦២ឆ្នាំ នៅឆ្នាំ២០០៨ ដល់៧៦ឆ្នាំ នៅឆ្នាំ២០២១/២០២២ និងបានលើកកម្ពស់គុណភាពនៃជីវិតរស់នៅរបស់ប្រជាជនកម្ពុជា។

កម្ពុជាបានសម្រេចជោគជ័យក្នុងការលុបបំបាត់ជំងឺដែលជាបញ្ហាសុខភាពសាធារណៈមួយចំនួន ហើយដែលត្រូវបានទទួលស្គាល់ពីអង្គការសុខភាពពិភពលោក មានជាអាទិ៍ ជំងឺគ្រុនស្វិតដៃជើង នៅឆ្នាំ២០០០ ជំងឺតេតាណូសលើមាតានិងទារក និងជំងឺកញ្រ្ជឹល នៅឆ្នាំ២០១៥ ជំងឺជើងដំរី (lymphatic filariasis) នៅឆ្នាំ២០១៦ ជំងឺត្រអកភ្នែក (Trachoma) និងហានិភ័យនៃជំងឺរលាកថ្លើមប្រភេទ B លើកុមារអាយុក្រោម៥ឆ្នាំ។

ជោគជ័យនេះ រួមជាមួយភាពរឹងមាំនៃអន្តរាគមន៍កម្មវិធីសុខភាព និងការធ្វើសមាហរណកម្ម ការផ្តល់សេវាសុខភាពបានរក្សាសន្ទុះនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺឆ្លងចម្បងៗផ្សេងទៀត នៅក្នុងបណ្តាឆ្នាំខាងមុខ ដូចជាលុបបំបាត់ជំងឺគ្រុនចាញ់ និងការចម្លងមេរោគអេដស៍ និងមេរោគជំងឺស្វាយពីម្តាយទៅកូនជាដើម។

ការអភិវឌ្ឍប្រព័ន្ធគាំពារសុខភាពសង្គម តាមរយៈមូលនិធិសមធម៌បានចាប់ផ្តើមនៅឆ្នាំ២០០០ និងបានពង្រីកជាបន្តបន្ទាប់រហូតគ្របដណ្តប់មូលដ្ឋានសុខាភិបាលសាធារណៈទូទាំងប្រទេសនៅឆ្នាំ២០១៥។ ដោយឡែកបេឡាជាតិរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព (ប.ស.ស-សុខភាព) បានចាប់ផ្តើមសម្រាប់កម្មករនិយោជិតក្នុងវិស័យឯកជននៅឆ្នាំ២០១៦ និងបានពង្រីកដល់មន្រ្តីរាជការសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជននៅឆ្នាំ២០១៨។ ថ្មីៗនេះ កម្មវិធីមូលនិធិសមធម៌ក៏បានពង្រីកការគ្របដណ្តប់លើប្រជាជនងាយរងហានិភ័យ ដែលមានប្រមាណ ១,៨លានាក់។

សូមបញ្ជាក់ដែរថា តាមបណ្តាក្រសួង-ស្ថាប័ន ក៏បានរៀបចំស្តង់ពិព័រណ៍បង្ហាញសមិទ្ធិផល និងស្នាដៃរបស់រយៈកាល ២០ឆ្នាំ ចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២៣ ដែលបង្ហាញពីសក្តានុពល និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យក្រោមម្លប់សន្តិភាព រយៈពេលចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៕

To Top