ភ្នំពេញ ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ (TYDA) នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ និងកម្លាំងស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺទូទៅ, ជំងឺមាត់ធ្មេញ, សន្លាក់, ភ្នែក, បេះដូង និងសួត ជូនដល់ប្រជាពលរដ្ឋ ចំនួនប្រមាណ ៣.៥១២ នាក់ ស្មើនិង ៥.៣៨៤ ករណី ដែលរស់នៅក្នុងស្រុកជុំគិរី ខេត្តកំពត ព្រមជាមួយការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំ ក្រុមការងារ និងអាជ្ញាធរ ពាក់ព័ន្ធយ៉ាងច្រើនកុះករ ។
នាឱកាសនោះ លោកស្រីបណ្ឌិត បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី លោកតែងតែយកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់បងប្អូន ប្រជាពលរដ្ឋ តាមរយៈការបង្ខិតសេវាព្យាបាល ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។
ជាក់ស្ដែង សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ (TYDA) បានចុះព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត សហគមន៍ អង្គការ មជ្ឈមណ្ឌលកុមារកំព្រា និងសាលារៀនជាដើម ដោយបេះដូង ដោយទឹកចិត្ត និងស្នាមញញឹម ហើយសកម្មភាពនេះ បានបង្កើតឡើងរយៈកាលជាង ១០ឆ្នាំ មកហើយ ។
សូមបញ្ជាក់ថា រាល់ការចំណាយទាំងអស់ ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ។
ប្រជាពលរដ្ឋ ដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាព ទាំងអស់បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេក ចំពោះលោកស្រីបណ្ឌិត ដែលដឹកនាំក្រុមគ្រូពេទ្យជំនាញ ចុះមកព្យាបាលសុខភាព របស់ពួកគាត់ ស្ទើរតែដល់ខ្នងផ្ទះ និងមិនមានការបង់ថ្លៃទៀតផង៕