ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងពីការប្តេជ្ញា ក្នុងការដាក់ចេញកម្មវិធីពិសេស ជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ដោយសម្តេចថា មិនមែនផ្តោតតែលើការ ជួយដោះស្រាយ លើបញ្ហាជាប់គាំង សំណង់អគារនោះទេ ប៉ុន្តែត្រូវលើកទឹកចិត្តឲ្យជួយ ដោះស្រាយគ្រប់ការវិនិយោគ ជារួមធ្វើជាកញ្ចប់តែម្តង ។
ករណីអគារជាប់គាំងនៅខេត្តព្រះសីហនុ គិតត្រឹមថ្ងៃទី៣១ មករានេះ គឺមានអគារផ្អាកដំណើរការសាងសង់ចំនួន៣៦២អគារ ត្រូវការទុនវិនិយោគបន្ថែមប្រមាណ ១ ១៦១លានដុល្លារ ដើម្បីបញ្ចប់ការសាងសង។ ក្នុងនោះអគារបានសាងសង់រួច ប៉ុន្តែមិនដំណើរការមានចំនួន១៧៦អគារ។
ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេស ជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” នៅថ្ងៃ៣១ មករា សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ត្រូវតែដោះស្រាយដាក់ចេញជាកញ្ចប់ ហើយរុញខេត្តព្រះសីហនុតែម្តង ដោយសង្ឃឹមថា ខេត្តផ្សេងនឹងមិនច្រណែននោះទេ ។
សម្តេចគូសបញ្ជាក់ថា “ក្រោយឆ្នាំ២០១៩ យើងដាក់ចេញការងារ ដោះស្រាយនូវសំណង់ជាប់គាំង ពេលនោះក៏មានការ ជជែកគ្នា ហើយក៏មានការសួរយោបល់មួយចំនួន ថាឥឡូវទាក់ទងតែ សំណង់ជាប់គាំងទេ? ប៉ុន្តែខ្ញុំក៏បានជជែកជា មួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្នថា យើងមិនគួរគិតតែក្របខណ្ឌសំណង់ជាប់គាំង តែត្រូវលើកទឹកចិត្ត វិនិយោគស្អីក៏ដោយថ្មីក៏ដោយ រូបភាពផ្សេងៗទាំងសំណង់ ទាំងវិស័យមួយចំនួនដែលដាក់មកកន្លែងនេះ… ជួយទៅ ។ ធ្វើម៉េចឲ្យខេត្តព្រះសីហនុរីក សំណង់តែមួយ វាមិនមែនកើតទេ តែសំណង់វាកើតដោយសារ មានសកម្មភាព សេដ្ឋកិច្ចផ្សេងៗដើរដែរ ។ ចឹងទាល់តែជួយ ជាកញ្ចប់តែម្តង ដាក់ជាកញ្ចប់ ហើយយកមួយឆ្នាំនេះតែម្តង ហើយសឹងតែនៅគ្រប់វិស័យ ជាពិសេសនៅកន្លែងនេះ (នៅក្រុងព្រះសីហនុ) ដើម្បីជំរុញតែម្តង” ។
ក្នុងនោះសម្តេច បានពន្យល់ថា កម្មវិធីពិសេសនេះ គឺមានក្រុមការងារកណ្តាលរង់ ចាំជួយដោះស្រាយ សម្របសម្រួល ក្នុងការដោះស្រាយ លើបញ្ហាដែលមានលក្ខណៈអន្តរស្ថាប័ន ខណៈសម្តេចយល់ឃើញថា ការដោះស្រាយបញ្ហាមួយចំនួន បើឲ្យត្រឹមខេត្តដោះស្រាយ នឹងមានភាពយឺតយ៉ាវ និងអាចជាប់គាំងតែម្តង ៕