ព័ត៌មានជាតិ

ក្រសួងបរិស្ថាន កំពុងតាមដានយ៉ាងយកចិត្តទុកដាក់យ៉ាងខ្លាំង លើគុណភាពខ្យល់ នៅកម្ពុជា

ភ្នំពេញ ៖ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៦ កុម្ភៈនេះ បានលើកឡើងថា ក្រសួងបរិស្ថាន បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ យ៉ាងខ្លាំងលើគុណភាពខ្យល់ ដោយប្រើឧបករណ៍ និងស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ចំនួន៥១ ទីតាំងនៅទូទាំងប្រទេស។ ជាលទ្ធផល គិតក្នុងថ្ងៃទី១៥ ខែកុម្ភៈ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា មានភាពល្អប្រសើរ គឺកម្រិតភាគល្អិតនិចល PM 2.5 ស្ថិតនៅ ២៨,៨៦ µg/m3 ដែលទាបជាងកម្រិតស្តង់ដារកំណត់ គឺ ៥០ µg/m3 ជាមធ្យមក្នុងរយៈពេល២៤ម៉ោង។

ការយកចិត្តទុកដាក់តាមដាន ពីស្ថានភាពខ្យល់នៅកម្ពុជា ក្រោយពេលពី​ថៃ បានប្រឈម​នឹង​វិបត្តិ​ខ្យល់ពុល​ជាថ្មី​នៅទីក្រុង​បាងកក​ ខណៈករណី​បំពុលខ្យល់​កំរិតខ្ពស់ ​នៅប្រទេសជិតខាងកម្ពុជានេះ​ ហាក់បាន​ចោទមកលើ​កម្ពុជា​ ​មានជាប់ពាក់ព័ន្ធ​នឹង​ភាគល្អិត​ធូលី​នៃ​ការ​ដុតព្រៃ ​ដុត​ចំបើង​នៅតាម​វាលស្រែ ​។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ក្រសួងបរិស្ថាន អ្នកនាំពាក្យពន្យល់ថា ជាទូទៅគុណភាពខ្យល់ នៅកម្ពុជា ស្ថិតក្នុងស្ថានភាពល្អ។ ល្អក៏ព្រោះតែមានកត្តាចាំ បាច់មួយចំនួន ដោយក្រុមការងារបាន តាមដានគុណភាពខ្យល់ នៅតាមទីប្រជុំជនជាប្រចាំ ដែលបានផ្សព្វផ្សាយ លើបណ្តាញសង្គមរបស់ក្រសួង និងបណ្តាញសារព័ត៌មានមួយចំនួន ដែលបច្ចុប្បន្ននេះ ឧបករណ៍តាមដានគុណភាពខ្យល់ បានគ្របដណ្តប់ទីប្រជុំជនសំខាន់ៗ គ្រប់ខេត្ត ក្រុង និងនៅរាជធានីភ្នំពេញ ។

ម្យ៉ាងទៀត ក្រុមការងារជំនាញ បានចុះត្រួតពិនិត្យ និងអធិការកិច្ចប្រភពបំពុលខ្យល់ជាទៀតទាត់ តាមស្ថានភាពនិងភាព ចាំបាច់នៃប្រភពបំពុលនីមួយៗ ព្រមទាំងបានពង្រឹង លិខិតបទ ដ្ឋានគតិយុត្ត និងផែនការយុទ្ធសាស្រ្តគាំទ្រ កិច្ចគាំពារគុណភាពខ្យល់ ដូចជា អនុក្រឹត្យស្តីពីការគ្រប់គ្រងការបំពុលខ្យល់ និងការរំខានដោយសំឡេង ស្តីពីវិធានការបង្ការ ទប់ស្កាត់និងកាត់បន្ថយការបំពុល ខ្យល់សាធារណៈ ផែនការខ្យល់ស្អាតកម្ពុជា ផែនការយុទ្ធសាស្រ្តចក្រាវិស័យ បរិស្ថាន២០២៣-២០២៨ ។ ក្នុងនោះកម្ពុជាស្ថិតក្នុងលក្ខខណ្ឌអំណោយផល ដោយទំហំ និងបរិមាណប្រភពបំពុល នៅមានកម្រិតតិចតួច និងចរន្តបណ្តូរខ្យល់នៅតាមទីក្រុង និងទីប្រជុំជនមានភាពល្អប្រសើរ។

លោក ខ្វៃ អាទិត្យា បន្ថែមថា ដើម្បីធានាបានការទប់ស្កាត់ការបំពុលខ្យល់ ជាយថាហេតុនៅក្នុងរដូវប្រាំងនេះ ក្រសួងបរិស្ថាន ក៏បានឲ្យគ្រប់អភិបាលរាជធានី-ខេត្ត ជំរុញការអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ រួមមាន៖ ធ្វើការអប់រំណែនាំពលរដ្ឋកុំឲ្យដុតរានព្រៃ វាលស្មៅ សំណល់កសិកម្ម គល់ជញ្ជ្រាំង សំរាម-សំណល់រឹង និងការដុតប្លាស្ទិក នៅទីចំហ, ព្រមទាំងចាត់វិធានការទប់ស្កាត់ ការហុយធូលីនៅការដ្ឋានសំណង់ និងការដឹកជញ្ជូនសម្ភារសំណង់ និងធ្វើការសម្អាតធូលី និងធ្វើអនាម័យ នៅតាមដងផ្លូវ និង ទីសាធារណៈ និងចូលរួមយុទ្ធនាការកាត់ បន្ថយការប្រើ ប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រ់ថង់ប្លាស្ទិកទេ» បានជាប់ជាប្រចាំ។

មន្រ្តីនាំពាក្យសង្កត់ធ្ងន់ថា ក្រសួងបាននិង កំពុងលើកកម្ពស់ថាមពលស្អាតដូចជា ថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ និងវារីអគ្គិសនី ទប់ស្កាត់ការបំពុលចេញពីរោងចក្រ ជំរុញការប្រើប្រាស់ថាមពល Euro 5 សម្រាប់ដឹកជញ្ជូននៅឆ្នាំក្រោយ ៕

To Top